ជាឋម ខ្ញុំសូមអភ័យទោស ខ្ញុំមិនមែនជាអ្នកជំនាញចិត្តវិទ្យា ឬអ្នកជំនាញព្យាបាលរោគចិត្តនោះទេ។ ប៉ុន្តែខ្ញុំគ្រាន់តែមានបំណងចូលរួមបញ្ចេញទស្សនាទានខ្លះៗ ដូចដែលប្រិយមិត្តត្រយងធ្លាប់បានផ្ញើអត្ថបទពាក់ព័ន្ធនឹងបញ្ហផ្សេងៗក្នុងសង្គមមកឱ្យសារព័ត៌មានអនឡាញមួយនេះចុះផ្សាយដែរ។

ខ្ញុំសរសេរព្រោះអាណិតលោក ខឹម វាសនា និងក៏អាណិតអ្នកគាំទ្រលោកដែលកំពុងប្រមូលផ្ដុំគ្នានៅចំការរបស់លោកឯខេត្តសៀមរាបយ៉ាងណែនណាន់តាន់តាប់ ភ្លៀងផង ខ្យល់ផង ដោយសារតែការជឿស៊ុបនឹងអ្វីដែលលោក ខឹម វាសនា បានលើកឡើង…។

ខ្ញុំសង្កេតឃើញអាការៈលោក ខឹម វាសនា ហាក់កាន់តែប្រែប្រួលខ្លាំងៗឡើង ដែលខ្ញុំសូមអភ័យទោស គឺប្រែប្រួលទៅរកស្ថានភាពដូចមនុស្សមានបញ្ហាសុខភាពផ្លូវចិត្តក្នុងកម្រិតគួរឱ្យបារម្ភ។ ខ្ញុំក៏ធ្លាប់មានសមាជិកគ្រួសារកើតមានអាការៈស្រដៀងគាត់នេះដែរ តែទីបំផុតពួកយើងបាននាំគាត់ទៅព្យាបាលនិងមានសុខភាពល្អឡើងវិញ។

ប៉ុន្មានម៉ោងចុងក្រោយនេះ លោក ខឹម វាសនា បានបង្ហោះសារផង និងផ្សាយផ្ទាល់ចេញពីផេកផ្លូវការរបស់គាត់ ដែលមានអត្ថន័យគួរឱ្យសង្វេក ហួសចិត្ត និងនឹកអាណិតពន់ពេក ដ្បិតសឹងតែមិនជឿថាហេតុអ្វីគាត់ឈានដល់ស្ថានភាពនេះ។ ប្រិយមិត្តអាចចូលទៅមើលបានលើលផេករបស់គាត់។

ជាគំនិតខ្ញុំទេ ខ្ញុំយល់ថាអ្នកគាំទ្រលោក ខឹម វាសនា ក៏ជាធនធានមនុស្សរបស់ជាតិ ហើយចេះគិត ចេះពិចារណា និងកាន់តែមានភាពក្លៀងក្លាទៅតាមរបៀបនៃផ្នត់គំនិត និងវិធីធ្វើនយោបាយរបស់លោក ខឹម វាសនា ដូចដែលយើងបានឃើញកន្លងមកដែរ។

ក៏ប៉ុន្តែខ្ញុំសោកស្ដាយណាស់ ដ្បិតពួកគាត់ហាក់ដូចជាលុងជឿនឹងលោក ខឹម វាសនា ច្រើនជាងបង្ហាញការស្រលាញ់លោកពិត។ ខ្ញុំសួរថាតើអ្នកទាំងអស់គ្នា ទាំងនិស្សិត បញ្ញាវ័ន ព្រះសង្ឃ ឬពលករជាដើម ពិសេសអ្នកនៅជុំវិញលោក ខឹម វាសនា ពិតជាមិនដឹងទេឬថាគាត់បានវិវត្តន៍ជ្រុលហួសបន្ទាប់ច្បាប់? នេះដោយមិនគិតពីស្ថានភាពសុខភាព។

ម្នាក់ៗសុទ្ធតែហៅលោក ខឹម វាសនា ថាពូពេញៗមាត់ដោយក្ដីគោរពស្រលាញ់ រហូតចុងក្រោយនេះហៅគាត់ថាពុកៗកាន់តែច្រើនទៀតផង។ វាមិនខុសអ្វីទេដែលយើងគោរពបុគ្គលដែលយើងស្រលាញ់ ឬស្រលាញ់បុគ្គលដែលយើងគោរព។

ប៉ុន្តែកុំថាឡើយពុកឬពូ ត្រឹមរវាងលោក ខឹម វាសនា និងអ្នកគាំទ្រ សូម្បីតែពូឬពុកបង្កើត ក៏កូនៗឬក្មួយអាចជូនយោបល់កែលម្អរបានដែរ ប្រសិនបើយល់ថាអ្នកមានគុណរបស់ខ្លួនកំពុងលុងនឹងសេចក្ដីខុសដោយអំណាចនៃហេតុផលណាមួយ ឬទោះជាដោយសារបញ្ហាសុខភាពផ្លូវចិត្តក៏ដោយ។

ចុះហេតុអ្វីបានជា អ្នកជុំវិញលោក ខឹម វាសនា ឬក្រុមអ្នកគាំទ្រ មិននាំគ្នាជូនយោបល់គាត់ ឬរិះរកវិធីសាស្រ្តបញ្ឈប់សកម្មភាពគាត់ ទាំងដែលការសង្កេតជាទូទៅគឺឃើញថាគាត់កាន់តែខុសឡើងៗ។ ម្យ៉ាងទៀតស្ថានភាពសុខភាពផ្លូវចិត្តលោក ខឹម វាសនា គឺកំពុងវិវត្តន៍ទៅរកភាពមិនប្រក្រតីកាន់តែធ្ងន់ធ្ងរឡើងៗ។

ហេតុម្ដេចយើងដែលស្រឡាញ់គាត់ប្រៀបដូចជាពុក ឬជាពូនោះ មិននាំគ្នារកវិធីលួងលោម អញ្ជើញ ឬដោយវិធីណាមួយដើម្បីបាននាំគាត់ទៅរកសេវាពិគ្រោះសុខភាពផ្លួវចិត្ត និងព្យាបាលផ្លូវចិត្ត។ អម្រែកគំនិតរបស់គាត់ដើម្បីសម្រេចគោលដៅបក្ស និងក្រុមពិតជាធ្ងន់ណាស់ ហើយវាពិតជាអាចប៉ះពាល់ផ្លូវចិត្តគាត់។

ជាទីបញ្ចប់ ខ្ញុំសូមអភ័យទោសម្ដងទៀតប្រសិនបើទស្សនៈខ្ញុំមានការខុសឆ្គង។ ប្រិមិត្តសារព័ត៌មានត្រយង ក៏អាចបញ្ចេញទស្សនៈបានដែរលើករណីនេះ។ #យើងជាខ្មែរតែមួយ #រស់នៅលើទឹកដីតែមួយ #មានអតីតកាល #បច្ចុប្បន្ន និងអនាគតតែមួយ…

ដោយ រតនៈ

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០

Share.