ពីវេទិការអធីបតីនៃពិធីបើកកាដ្ឋានសាងសង់ស្ពានអាកាសនៅតំបន់ក្បាលថ្នល់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីគម្រោងបង្កើតក្រុងល្វាឯម ចំណុះឱ្យខេត្តកណ្ដាល ដោយមិនភ្ជាប់មកដែនដីរាជធានីភ្នំពេញនោះឡើយ។

សម្ដេចបានមានប្រសាសន៍ថា«កន្លងទៅខ្ញុំបានឱ្យសិក្សាបង្កើតតំបន់ល្វាឯមឱ្យទៅជាក្រុងល្វាឯម កំពុងតែសិក្សា តែខ្ញុំបានបញ្ជាក់ជាមួយសម្ដេចក្រឡាហោម ស ខេង ឱ្យបានច្បាស់ថាអត់ទេ។ លើកនេះមិនសិក្សាហើយភ្ជាប់ឱ្យភ្នំពេញទេ។ លើកនេះសិក្សារួចហើយត្រូវបង្កើតក្រុង តែក្រុងចំណុះឱ្យខេត្តកណ្ដាល អត់មានឱ្យភ្នំពេញថែមទៀតទេ សូមទោស ទុកឱ្យកណ្ដាលគេមានពន្ធអាករអីរបស់គេផង។ អ៊ីចឹងឱ្យតែដីណារីកចម្រើនប្រគល់ឱ្យភ្នំពេញអស់ កណ្ដាលគ្នាចេះតែថយៗ»។

បើតាមសម្ដេចតេជោ មានអ្នកខ្លះបានលើកសំណូមពរថាបើកបង្កើតទីក្រុងថ្មីនៅស្រុកល្វាឯម គេសុំទៅធ្វើអភិបាលក្រុងនៅទីហ្នុង។ សម្ដេចបន្តថា«ចៅហ្វាយស្រុកល្វាឯមរាល់ថ្ងៃ ក្លាយទៅជាចៅហ្វាយក្រុងតែម្ដងទៅ ឧបមាអ៊ីចឹង ហើយបើសិនជាយើងកាត់ត្រឹមប៉ុន្មានឃុំ មានចៅងហ្វាយក្រុងល្វាឯម ចៅហ្វាយស្រុកល្វាឯម។ ចៅហ្វាយក្រុង យើងអាចចៅហ្វាយក្រុងស្វាយជ្រុំអ៊ីចឹងទៅ​ រួចដល់ចៅហ្វាយស្រុកល្វាឯមអ៊ីចឹងទៅ អាហ្នឹងសុំសិក្សា​ ព្រោះខ្ញុំឱ្យសិក្សាអំពីខេត្ត»។

សម្ដេចក៏បានរម្លឹកដែរថា«ឱ្យសិក្សាអំពីខេត្តកណ្ដាល ថាគួរត្រូវបានបែងចែកជាពីរទេ? ឯងកំពុងតែសិក្សាមិនទាន់បានអីផង វាប្រជុំគ្នាបែងចែកថាអ៊ីនេះសុំធ្វើចៅហ្វាយខេត្តចាស់ អានេះសុំទៅធ្វើចៅហ្វាយខេត្តថ្មី ស្រាប់តែដាក់សំណើរមកខ្ញុំ ខ្ញុំថាចុះមានអាណាឱ្យធ្វើអាហ្នឹង អ៊ីចឹងបានជាលុបចោលទាំងអស់ កាលហ្នុងសិក្សាខេត្តកណ្ដាលនេះផង និងសិក្សារតនគិរី និងមណ្ឌលគិរី»។

Share.