អ្នកគាំទ្រកម្មវិធីប្រកួត Cambodia Idol រដូវកាលទី៤ ប្រហែលជាដឹងហើយថា អតីតតារាចម្រៀង ជើងចាស់លោក សាន ផានិត គឺជាអ្នកគាំទ្របេក្ខជន ថុល សុភិទិ ព្រោះតារារូបនេះតែងតែផុសសរសើរពីចំណុចល្អៗរបស់បេក្ខជនរូបនេះជានិច្ច។ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ លោក សាន ផានិត បែរជាបង្ហោះសំណេរប្រើពាក្យសំដីធ្ងន់ៗបែបប្រដៅទៅកាន់ ថុល សុភិទិ ទៅវិញ។

លទ្ធផលនៃការប្រកួតកម្មវិធី Cambodia Idol បានរកឃើញហើយអ្នកដែលជាម្ចាស់ពានរង្វាន់នោះគឺ លីម តិចម៉េង ព្រោះបេក្ខជនរូបនេះទទួលបានសារបោះឆ្នោតច្រើនពីគណៈកម្មការទី៥ គឺមហាជន។ សម្រាប់អ្នកដែលគាំទ្រ លីម តិចម៉េងរីករាយដែលអាយដលខ្លួនជាប់ជ័យលាភី ប៉ុន្តែសម្រាប់អ្នកដែលគាំទ្របេក្ខជន៣នាក់ផ្សេងទៀត ក៏បង្ហាញពីការខកចិត្តដែលអាយដលខ្លួនមិនទទួលបានពាន។
សម្រាប់លោក សាន ផានិត ដែលតែងតែបង្ហាញពីជំហរគាំទ្របេក្ខជន ថុល សុភិទិ ហើយជឿជាក់មករហូតថាបេក្ខជនរូបនេះជាម្ចាស់ពានធ្លាប់បានផុសសរសើរយ៉ាងចំហពីគុណសម្បត្តិរបស់ ថុល សុភិទិថា ជាបេក្ខជនស័ក្ដិសមនឹងលើកពានស្រាប់រូបលោកព្រោះជានិមិត្តរូបសំឡេងនៃភាពប្លែកដោយឡែកមិនច្រឡំគេ ថ្នម អ៊ឺន រលាក់ អាចបត់បែនបានពីរោះតាមប្រភេទ ម៉េឡូឌី និងជូនពរឱ្យ ថុល សុភិទិ ជោគជ័យជាដើម។

យ៉ាងណាមិញមួយរយៈចុងក្រោយនេះមានការជជែកវែកញែកគ្នាច្រើនថាសមត្ថភាពរបស់ ថុល សុភិទិ សមតែបានទទួលពានប៉ុន្តែដោយសារតែមានបែកធ្លាយរឿងអាស្រូវ ជាមួយនឹងអ្នកមេម៉ាយកូនមួយ ពេជ្រ សូលីកា ធ្វើឱ្យសន្ទុះគាំទ្រធ្លាក់ចុះ ខណៈដែលអ្នកខ្លះទៀតលើកឡើងថាដោយសារតែវត្តមានឪពុកផ្កាយពីររបស់តារារូបនេះទើបមានអ្នកខ្លះឈប់គាំទ្រកូនអ្នកមានមកគាំទ្រ លីម តិចម៉េង ដែលស្ថិតក្នុងជីវភាពសាមញ្ញវិញ។ ក្រៅពីនេះក៏មានអ្នកលើកឡើងពីអត្តចរិតរបស់ ថុល សុភិទិ ថាមានអំនួត និងប្រើប្រាស់ជីវិតអភិជន ជិះរថយន្តទំនើបៗពេលទៅប្រកួតម្ដងៗ។
មិនខុសពីការលើកឡើងរបស់សាធារណជន លោក សាន ផានិត ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនប្រាប់ទៅបេក្ខជន ថុល សុភិទិ ដែរថា បើបេក្ខជនរូបនេះចង់ឱ្យមានភាពល្បីល្បាញ ហើយមានការលើកស្ទួយពីហង្សមាសចាំបាច់ត្រូវតែមានចរិតល្អ នោះបេក្ខជនរូបនេះអាចនឹងមានវាសនាល្អលើស អតីតបេក្ខនារីប្រកួត The Voice Cambodia រដូវកាលទីពីរ កញ្ញា រ៉េត ស៊ូហ្សាណា និងអតីតបេក្ខជនប្រកួត Cambodian Idol រដូវកាលទីមួយ ម៉ៅ ហាជី។ ជាមួយគ្នានេះដែរ លោក សាន ផានិត ក៏បានរំលេចពីហេតុផលដែលធ្វើឱ្យបេក្ខជន ថុល សុភិទិ ស្រុតប្រជាប្រិយភាពចំនួន៤ចំណុចដែរថា៖

1 មើលទៅហាក់ដូច High Show រាល់សកម្មភាពក្នុងបណ្តាញសង្គមញឹកញយមុនទឹកផ្តាច់ព្រាត់លើផេចផ្ទាល់ខ្លួន
2 រើសបទខុសមិនដល់សម្ថភាពប្រើសំលេងដែកនៅមានកំរិតវគ្គក្រោយៗមកបន្ទាប់ពីបទ គេងយោលអង្រឹង ក្រៅពីនេះប្អូនមានទាំងអស់ជាកញ្ចប់ហើយដាច់ដោយឡែក ស្រលះល្អណាស់
3 បែកធ្លាយប្អូនចេញតាមហាង ផាប់ ក្លឹប នានា ឡើងច្រៀងបញ្ជេញអោយហ្វេនៗឃើញអោយកាន់តែច្រើនជាងលើឆាកប្រលងថែម តែមហាជនអាចគិតផ្សេងថាមើលទៅដូចប្អូនចូលចិត្តដើរលេងយប់ច្រៀងអនាធិបតេយ្យ មោទនភាព ល។ល
4 បែកធ្លាយពត៍មានលោកឪពុកប្អូន ផ្កាយ២ជាគ្រូសារអភិជន ខុសឆ្ងាយពីតិចម៉េងដូចមេឃនិងដី ពីបង
នេះគឺជាអ្វីដែលលោក សាន ផានិត បានលើកឡើងចំៗប្រាប់ទៅកាន់ បេក្ខជន ថុល សុភិទិ បើសិនតារារូបនេះចង់ឈរជើងលើវិថីសិល្បៈ ហើយមានភាពល្បីល្បាញ។


