កំពូលតារាបង្ហាញដែលបានវិវត្តខ្លួនជាតារាសម្ដែង Wang Dong បានសាងកេរ្តិ៍ឈ្មោះល្បីតាមរយៈស្នាដៃសម្ដែងរឿង «Diamond Lover» និង «Perfect Partner» បានធ្វើឱ្យជនជាតិចិនស្ទើរតែមួយប្រទេសភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែវីដេអូបែកធ្លាយថាតារារូបនេះបានប្រើហិង្សាលើភរិយារបស់ខ្លួន។

ភរិយារបស់ Wang Dong បានបង្ហោះវីដេអូទម្លាយពីបញ្ហាអំពើហិង្សាក្នុងគ្រួសារកាលពីពេលថ្មីៗនេះនៅលើ SNS។ ក្នុងវីដេអូនោះ Wang Dong បានស្រែកជេរនិង ដាល់និងច្របាច់កភរិយារបស់ខ្លួន ព្រមទាំងប្រើគ្រប់ពាក្យជេរប្រមាថស្ដីថាឱ្យប្រពន្ធរបស់ខ្លួន។ ពាក្យស្ដីថានោះបន្តរហូតទាល់តែប៉ូលិសមកដល់កន្លែងកើតហេតុ មួយវិញទៀតភរិយារបស់តារារូបនេះបាននិយាយថាស្វាមីរបស់នាងបានជេរស្ដីប្រមាថនាងសឹងគ្រប់ពេលមិនលើកលែងទោះជាអ្នកស្រីកំពុងពពោះក្ដី ដែលរឿងនេះកាន់តែធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលខ្លាំងថែម
ជនរងគ្រោះក្នុងអំពើហិង្សារូបនេះគឺជាភរិយាទី៣របស់ Wang Dong ដែលមានវ័យខ្ទង់២០ឆ្នាំប៉ុណ្ណោះ ជារួមអ្នកនាងមានវ័យប្អូន Wang Dong រហូតដល់ទៅ២២ឆ្នាំ ព្រោះឆ្នាំនេះលោកមានអាយុ៤៣ឆ្នាំហើយ។ ក្រោយវាយដំនិងជេរស្ដីប្រពន្ធរួចលោក Wang Dong បានផ្ដាច់ទំនាក់ទំនងជាមួយនឹងនាង ហើយថែមទាំងសួរនាំអ្នកស្គាល់គ្នារឿងលែងលះថែមទៀតផង។
ក្រោយរឿងរ៉ាវចម្រូងចម្រាសនេះផ្ទុះកក្រើកនិងមានអ្នកចាប់អារម្មណ៍ច្រើន Wang Dong បានផុសសំណេរសុំទោសនៅលើគណនី SNS របស់លោក ដោយលោកបានរៀបរាប់ថា «ខ្ញុំសុំទោសចំពោះសកម្មភាពរបស់ខ្ញុំកន្លងមក។ ប៉ុន្តែពេលនេះខ្ញុំលែងរំខាននិងគម្រាមកំហែងនាងទៀតហើយ។ លោកបានពន្យល់បន្តទៀតថា «ខ្ញុំធ្លាប់មានក្ដីរំពឹងខ្ពស់ពេក ហើយខ្ញុំបានព្យាយាមអត់ឱនឱ្យនាងអស់ហើយ ប៉ុន្តែនេះមិនមែនជាសម្ព័ន្ធភាពក្នុងជីវិតអាពាហ៍ពិពាហ៍មួយធម្មតាដែលធ្វើឱ្យខ្ញុំពិបាកដកដង្ហើម។ អ្វីដែលខ្ញុំចង់និយាយគឺរឿងទាំងអស់មិនមែនជាការពិតទាំងស្រុងនោះទេ។ តារារូបនេះក៏បញ្ជាក់ដែរថាលោកបានស្វែងរកមេធាវីដើម្បីជួយចាត់ការក្នុងករណីនេះ។
យ៉ាងណាមិញការបកស្រាយរបស់ Wang Dong កាន់តែបង្កឱ្យមានការរិះគន់ខ្លាំងឡើងពីជនជាតិចិន អ្នកទាំងនោះបានរិះគន់ Wang Don និងលើកជាមតិយោបល់ចំពោះបញ្ហានេះថា៖ «នេះមិនមែនជាការសុំទោសទេ», «តើលោកអត់ទោសឱ្យខ្លួនឯងទេដែលលោកជេរប្រមាថគេ?»

ខណៈដែលរឿងរ៉ាវជម្លោះក្នុងរង្វង់គ្រួសារតារាល្បីកំពុងតែផ្ទុះការចាប់អារម្មណ៍លើអនឡាញ ទស្សនាវដ្ដីតុលាការប្រជាជនបានលើកឡើងពាក់ព័ន្ធនឹងករណិរបស់ Wang Dong ថា «ករណីអំពើហិង្សាក្នុងគ្រួសារបានគំរាមកំហែងដល់សុខភាពរាងកាយនិងសតិអារម្មណ៍របស់មនុស្សជាច្រើន។ មនុស្សខ្លះទ្រាំបៀមទុក្ខនិងមិនហ៊ាននិយាយចេញមក។យើងសង្ឃឹមថាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារអាចមានសេចក្ដីក្លាហានហ៊ាននិយាយថាទេចំពោះអំពើហិង្សា ហើយប្រើប្រាស់ច្បាប់ជាអាវុធការពារពួកគេ៕



