ភ្នំពេញ ៖ រថយន្តឃ្លុបមួយគ្រឿងជិះគ្នា៣នាក់ បើកបោះពួយលឿនស្លេវ ជ្រុលបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម រថយន្តរងខូចខាតខ្ទេចមុខ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាម មហាវិថីឈ្នះ ឈ្នះ កែងផ្លូវហាណូយ ចំណុចភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តបង្ក កូរ៉េ ឃ្លុប ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 BI-1841 ជារថយន្តសម្រាប់បម្រើការងារដឹកនំ ជិះគ្នា៣នាក់ ។
តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កបើកបោះពួយល្បឿនលឿនស្លេវ តាមមហាវុថីឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ បួងចង្កូតគេចទៅខាងស្តាំជ្រុល ទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម រថយន្តរងខូចខាតខ្ទេចមុខ ។

រថយន្តបង្ក ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យផលប៉ះពាល់ ខូចខាត រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការនគរបាលក្រុងភ្នំពេញ ស្ទូចយកទៅរក្សាទុក និងកសាងសំណុំរឿង ដោះស្រាយការខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ
