កំពូលតារាចម្រៀង Rap ចាស់វស្សា លោក ពូឃ្លាំង កំពុងតែរំភើបចិត្តជាអនេក នៅពេលបានឮហ្វេនៗស្រែកហៅឈ្មោះ និង ច្រៀងតាមបទចម្រៀងរបស់ខ្លួន។ នៅក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០២២ វគ្គ Final ដណ្ដើមមកុដ កំពូលតារាចម្រៀងជើងចាស់រូបនេះត្រូវបានអញ្ជើញឲ្យចូលរួមជាតារាកិត្តិយស ច្រៀងបើកឆាកបង្ហាញបេក្ខនារីប្រកួត ក៏ដូចជាអតីត ម្ចាស់មកុដ ឆ្នាំចាស់ដើរម៉ូដ បង្ហាញសម្រស់លើវេទិកា។

ម្ចាស់បទ «យប់នេះមិនឲ្យអូនគេងទេ» បានលើកយកបទចម្រៀងដ៏ល្បីរបស់ខ្លួនពីរបទគឺបទ «រង្គើ» ច្រៀងជាមួយតារាចម្រៀងជំនាន់ក្រោយ B.O.B និង បទល្បីកាលពីជំនាន់មុន «ក្រមុំខ្មែរបងរឹតតែស្រលាញ់» មកបកស្រាយ ដែលបទចម្រៀងទាំងពីរនេះបានធ្វើឲ្យឆាកប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា កាន់តែពុះកញ្ជ្រោលពិសេសអ្នកទស្សនាផ្ទាល់ដែលសុទ្ធសឹងជាយុវវ័យសម័យថ្មី បានច្រៀងតាមបទចម្រៀងពូឃ្លាំងកងរំពង ថែមទាំងស្រែកហៅឈ្មោះពូឃ្លាំងឮៗ ដើម្បីបង្ហាញពីការគាំទ្រនិងពេញចិត្ត ចំពោះ Rapper ជើងចាស់រូបនេះ។

ដោយសារតែសន្ទុះនៃការគាំទ្រដ៏ច្រើននេះហើយបានធ្វើឲ្យ ពូឃ្លាំងរំភើបចំពោះទឹកចិត្តគាំទ្រខ្លួន រហូតចេញមកបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «អរគុណខ្លាំងៗ និង រំភើបណាស់ ដែលពេលខ្ញុំឡើងច្រៀងនៅលើឆាក នៅមានអ្នកស្រែកហៅឈ្មោះ ពូឃ្លាំងៗ នៅមានអ្នកច្រៀងតាមបទចំរៀងរបស់ខ្ញុំ»។


ថ្វីត្បិតតែបានដកឃ្លាពីសិល្បៈមួយរយៈធំ ប៉ុន្តែពេលវិលត្រលប់មកប្រឡូកក្នុងសិល្បៈវិញ បទចម្រៀងរបស់លោកពូឃ្លាំង នៅតែអាចទាញបានប្រជាប្រិយភាពនិងការគាំទ្រគួរខ្លាំងគួរសម តួយ៉ាងដូចជាបទ រង្គើ threesom និង បទទើបតែចេញថ្មីៗ យប់នេះមិនឲ្យអូនគេងទេជាដើម៕



