ភ្នំពេញ ៖ នារីម្នាក់កំពុងអង្គុយលក់ភេសជ្ជៈ ដោយចតឈប់ម៉ូតូរទេះនៅលើខឿនចិញ្ចើមផ្លូវភ្លេចខ្លួន ស្រាប់តែមានរថយន្តMONTEROមួយគ្រឿង បើកដោយបុរសម្នាក់ ទៅអែបខាងរកឈប់ ក៏ប៉ុន្តែជាន់ហ្គាច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តបោលស្ទុះច្រឡោតឡើងខឿន ជ្រុលទៅបុក ក្រឡាប់ផ្ងារកង់ឡើងលើបណ្តាលឲ្យមនុស្សម្នាក់រងរបួសម្នាក់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ជាប់របងខាងមុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកMONTERO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3477 បើកបរដោយបុរសម្នាក់ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីលិច ទៅកើត លុះដល់ចំណុចកើតហេតុ អែបខាងបំណងរកកន្លែងឈប់ចត ក៏ប៉ុន្តែជាន់ហ្គាច្រឡំថាហ្វ្រាំង ទើបធ្វើឲ្យរថយន្តបោលស្ទុះឡើងខឿន ជ្រុលទៅបុកម៉ូតូរទេះលក់ភេសជ្ជៈ ពាក់ស្លាកលេខលេខ ភ្នំពេញ 1O-7894 កំពុងឈប់ចតស្ងៀម បណ្តាលឲ្យក្រឡាប់ផ្ងារកង់ឡើងលើ រងរបួសនារីម្នាក់ ធ្លាក់គ្រឿងកំប៉ុងរាយប៉ាយអស់ ។

ក្រោយកើតហេតុនារីរងគ្រោះរបួសជើង ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅពេទ្យ ហើយត្រូវបានភាគីខាងរថយន្តសុំធ្វើការសម្របសម្រួលជាមួយក្រុមគ្រួសារជនរងគ្រោះ ដោយចេញថ្លៃព្យាបាល និងថ្លៃខូចខាតទាំងអស់ដើម្បីបញ្ចប់រឿង ៕
អត្ថបទ៖តាតុង សែនជ័យ
