នៅព្រឹកថ្ងៃទី០១ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករអាយុក្រោម២៣ឆ្នាំ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​មិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២២។

នេះគឺជាការត្រៀមដ៏សំខាន់មួយ ដើម្បីដកស្រង់បទពិសោធន៍ ជាមួយក្រុមដែលមានកម្រិតខ្ពស់ជាង ហើយក៏ជាលើកដំបូងសម្រាប់ U-23 កម្ពុជា ដែលចូលរួមការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់សកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ។

លោក ឈូក ពិសិដ្ឋ បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការប្រកួតជាមួយក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធទាំងការប្រកួតត្រៀមស៊ីហ្គេមឆ្នាំក្រោយ ហើយក៏ជាបទពិសោធន៍ថ្មីមួយ ដែលយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ី គឺក្រុមជប៉ុន។ ពិតណាស់ យើងធ្លាប់មានបទពិសោធន៍ម្ដង ដែលយើងបានប្រកួតនៅប្រទេសជប៉ុន ប៉ះជាមួយក្រុម U-23 របស់ជប៉ុន ដែលជាការប្រកួតផ្លូវការ»។

លោកបន្តទៀតថា៖«នេះក៏ជាឱកាសលើកទី២ ដែលយើងបានប្រកួតជាមួយពួកគាត់ អ៊ីចឹងជាការប្រកួតប្រជែងបន្ថែមថ្មីទៀត សម្រាប់ជាការពង្រឹងសមត្ថភាព ជាមួយនឹងកីឡាករដែលមានកម្រិតខ្ពស់ជាងយើង។ ទាំងអស់ហ្នឹង ជាផ្នែកមួយដែលអាចជាផលវិជ្ជមានសម្រាប់កីឡាករយើង ហើយជាការប្រកួតមួយ ដែលយើងលេងក្នុងទឹកដីរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ។ អ៊ីចឹង នេះជាការប្រកួតមួយដែលយើងគិតថាអាចជាផលចំណេញសម្រាប់យើងក្នុងការប្រកួត»៕

Share.