មន្រ្តីប៉ូលីសរដ្ឋ Ohio បានបាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅម្នាក់ភ្លាមៗ បន្ទាប់ពីបើកទ្វារបន្ទប់គេងរបស់ជននោះកាលពីព្រឹកថ្ងៃ អង្គារ នៅពេលដែលប៉ូលីសព្យាយាមចាប់ខ្លួនបុរសរូបនោះតាមដីកា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ កញ្ញា ឆ្នាំ ២០២២។

អាជ្ញាធរបានឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះថា Donovan Lewis មានអាយុ ២០ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសទីក្រុង កូឡុំបូ ដែលមានបទពិសោធន៍រាប់ទសវត្សរ៍។

បើតាមកាមេរ៉ាជាប់ខ្លួនរបស់លោក Ricky Anderson ដែលជាប៉ូលីសរដ្ឋ Ohio បានបង្ហាញថា បុរសម្នាក់នោះគឺមិនមានប្រដាប់ដោយអាវុធទេ នៅពេលបាញ់ប្រហារ។

យោងតាមកំណត់ត្រារបស់តុលាការដែលត្រូវបានពិនិត្យដោយប៉ុស្ដិ៍ទូរទស្សន៍ NBC4 បានឲ្យដឹងថា លោក Donovan ត្រូវបានតុលាការចេញដីកាចាប់ខ្លួនដោយចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និង ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។

នៅក្នុងកាមេរ៉ាជាប់ខ្លួនដែលថតជាប់សកម្មភាព និង ចាក់ផ្សាយដោយទូរទស្សន៍ NBC4 បានបង្ហាញថា ប៉ូលីសបានគោះទ្វារផ្ទះលោក Donovan ៨ ទៅ ១០នាទី មុនពេលជួបបុរសម្នាក់ដែលមកបើកទ្វារ ហើយនៅពេលចូលដល់ក្នុងផ្ទះប៉ូលីសរកឃើញមានបុរសម្នាក់ទៀតនៅទីនោះ ហើយបានឃាត់ខ្លួនពួកគេទាំង២នាក់ដែរ។

ក្រោយមកបានឲ្យសុនខហិតស្វែងរកក្លិនរបស់លោក Donovan នៅក្នុងផ្ទះដោយបង្ហាញថា លោកកំពុងស្ថិតក្នុងបន្ទប់គេង បន្ទាប់មកមន្រ្តីប៉ូលីសបានបាញ់ចូលក្នុងបន្ទប់គេងភ្លាមៗ ដោយលោក Donovan កំពុងអង្គុយនៅលើគ្រែ។

ភ្លាមៗគេបានបញ្ជូនលោក Donovan ទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្ដែត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិតទៅហើយ ខណៈការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋ Ohio កំពុងស៊ើបអង្កេតរឿងនេះបន្ដ៕

ប្រភព៖ The Guardian

Share.