ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ខណៈដែលកំពុងធ្វើដំណើរតាមម៉ូតូកង់បី ត្រូវបានជនសង្ស័យគ្នា២នាក់ជិះម៉ូតូដេញតាមធ្វើសកម្មភាពឆក់ទាញកាបូបមិនបានសម្រេច តែធ្លាក់ពីលើម៉ូតូកង់បីបណ្តាលឲ្យរងរបួសបាក់កដៃស្តាំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ខាងលិចជាងហាងភីហ្សា ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជាជនជាតិចិន ធ្វើដំណើរតាមម៉ូតូកង់បី ពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង តាមពីក្រោយ ដល់ទន្ទឹម ធ្វើសកម្មភាពឆក់ទាញយកកាបូបពីស្ត្រីរងគ្រោះ មិនបានសម្រេច តែធ្វើឲ្យធ្លាក់ជនរងគ្រោះពីលើម៉ូតូកង់បី បណ្តាលឲ្យរងរបួសបាក់កដៃខាងស្តាំ ជនសង្ស័យបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ឡើងជិះម៉ូតូកង់បីបន្តដំណើរទៅទៀតបាត់ ទើបកម្លាំងសមត្ថកិច្ចទៅតាមសួររក ៕

អត្ថបទ៖តាតុង សែនជ័យ

Share.