ក្នុងខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១០១គណនី។ នេះបើតាមសារសម្ដេចក្រឡាហោម ស ខេង សរសេរបង្ហោះផ្ញើជូនជនរួមជាតិ នាថ្ងៃទី១​ ខែសីហា ឆ្នាំ២០២២នេះ។ប

បើតាមសម្ដេចក្រឡាហោ ស ខេង ក្នុងចំណោម១០១ករណីនោះ ក្រុមការងារហ្វេសប៊ុកសម្ដេច បានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន២៣គណនី ហើយថាបូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែកក្កដានេះ នៅមានករណីចំនួន២១៥ទៀត កំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធីក្រុមការងារ និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ។

ដោយឡែកបញ្ហាខ្លះទៀតដែលប្រជាពលរដ្ឋបានផ្ញើមកនោះ ក៏ត្រូវបានក្រុមការងាររកឃើញថាករណីទាំងនោះខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។ សម្ដេចបន្តថា«វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ»។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍ និងបានស្នើសុំឲ្យបន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាការដោះស្រាយទាំងអស់នោះត្រូវតែដោះស្រាយឱ្យបានល្អ គ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។

«ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។ នេះជាសម្រង់សារសម្ដេច។

សម្ដេចក៏ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕

Share.