ប្រទេសកម្ពុជា​ជាប្រទេសមានសុខសន្ដិភាព ហើយកម្ពុជា​មិនប្រកាន់សាសនា ឯប្រជាពលរដ្ឋ​មានសិទ្ធិគ្រប់គ្រាន់លើការជឿ និងកាន់សាសនា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ភឺន ផល្លា ជំនួយការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានលើកឡើងថា ថ្វីបើរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនា​ជាសាសនារបស់រដ្ឋ ប៉ុន្ដែពលរដ្ឋកម្ពុជា​មានសេរីភាពគ្រប់គ្រាន់លើការជឿសាសនា ហើយសាសនាជាច្រើន​បានរស់នៅសុខសាន្ត​ក្នុងប្រទេសនេះ។

ការលើកឡើងខាងលើនេះ ក្រោយពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ​ សោភា បានបរិច្ចាគប្រាក់ប្រមាណជា​២០ម៉ឺនដុល្លារ ដើម្បីកសាងសង់​វិហារ​ឥស្លាមភូមិព្រែកតាព្រហ្ម ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដែលវិហារនេះផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាសាសនិកឥស្លាម​ប្រមាណជា ២៤៣គ្រួសារ និងសាសនិកឥស្លាមផ្សេងទៀត ដែលនៅក្បែរតំបន់នោះ។

បច្ចុប្បន្ននេះ ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៩៥​% ​ត្រូវ​បាន​គេដឹង​ថា ​គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ​ខណៈ​៣​%​ជា​អ្នក​ប្រតិបត្តិ​ឥស្លាម​សាសនា ​១%​គ្រឹស្តសាសនា ​និង​១%​ទៀត​ គឺ​ជា​អ្នក​គោរព ​និង​ប្រតិបត្តិ​លើ​សាសនា​និង​ជំនឿ​ផ្សេងៗ​។ ​យោង​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាត្រា​ ៤៣ ​បាន​ចែង​ថា ​ព្រះ​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ​ក៏​ប៉ុន្តែ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពី​រ​ភេទ ​មាន​សិទ្ធិ​សេរីភាព​ពេញ​ទី​ខាង​ជំនឿ​សាសនា​។ ​សេរីភាព​ខាង​ជំនឿ ​និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ​ត្រូវ​បាន​រដ្ឋធានា​ក្នុង​លក្ខខ័ណ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ឬ​សាសនា​ដទៃ​ទៀត ​ដល់​សណ្តាប់​ធ្នាប់​ និង​ដល់​សន្តិសុខ​សាធារណៈ​៕

Share.