ព្រះវិហារ ៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្ទាប់ពីប្រព្រឹត្តបទល្មើស ល្បួងក្មេងស្រីអាយុ១២ឆ្នាំ នាំយកទៅរួមភេទចំនួន៩លើក ។ ការចាប់ខ្លួនបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ខេត្តព្រះវិហារ កសាងសំណុំរឿងរួចនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជយ័សែន ខេត្តព្រះវិហារ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឡ ស ខ អាយុ១២ឆ្នាំ មានទីលំនៅ ឃុំពុទ្រា
ស្រុកជយ័សែន ខេត្តព្រះវិហារ ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះ នាំយកទៅរួមភេទ នៅក្នុងចំការដំបូង បានសម្រេច ដោយសន្យាថាឲ្យលុយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ ហើយជនសង្ស័យបន្តល្បួងនាំ ជាបន្តបន្ទាប់ រួមភេទបានសម្រេច៩លើកមកហើយ មកដល់ចុងខែសីហា ឆ្នាំ២០២២ ទើបតែបែកធ្លាយដល់ក្រុមគ្រួសារ នាំទៅដាក់ពាក្យបណ្តឹង ។

ក្រោយពីទទួលបានបណ្តឹងពីអាណាព្យាបាលក្មេងរងគ្រោះ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរ ជនសង្ស័យឆ្លើយសារភាពពីសកម្មភាពដែលប្រព្រឹត្ត រួចបញ្ជូនខ្លួនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿង។ រហូតដល់ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
