ភ្នំពេញ ៖ ពងទា ទាំងសាប ទាំងប្រៃ បែកឆ្អាបពេញផ្លូវ និងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នា គ្រាដែលមានមួយគ្រឿងដឹកពងទាឆ្លងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងទៀតគេចមិនទាន់ជ្រុលបុកពេញទំហឹង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-2514 ដឹកកញ្ច្រែងពងទាសំពីងសំពោង និងប្រពន្ធ បើកឆ្លងផ្លូវជាតិលេខ៣ពីលិចទៅកើត តាមប្រឡោះគុម្ពផ្កា ដែលហាមឃាត់ ជាហេតុធ្វើឲ្យម៉ូតូម៉ាកវ៉េវពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JK-6458 ជិះដោយឈ្មោះ ឯក សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបសសិស្ស មានទីលំនៅ ភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះពីត្បូងទៅជើងលើផ្លូវអថិភាព គេចមិនទាន់ជ្រុលបុក បណ្តាលឲ្យដួលបែកពងទា ឆ្អាបពេញផ្លូវ រងរបួសបាក់កដៃស្តាំម្នាក់ ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ផ្តើមចេញពីម៉ូតូដឹកពងទា ជិះឆ្លងផ្លូវ ខុសទីតាំងត្រូវយានឆ្លងកាត់ ទើបបង្កឲ្យមានគ្រោះថ្នាក់ យុវជនម្នាក់របួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង រីឯម៉ូតូទាំង២គ្រឿង ក្រោយពីភាគីសងខាងនិយាយមិនត្រូវគ្នា បានប្រគល់ឲ្យសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.