ភ្នំពេញ ៖ សត្វគោចំនួន១ក្បាល ក្នុងចំណោម៣ក្បាល រត់ឆ្លងផ្លូវប្រសាច ទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឲ្យដួល រងរបួសជើងធ្ងន់ម្នាក់។ ពលរដ្ឋ អ្នកភូមិត្អូញត្អែរថា ម្ចាស់គោចិញ្ចឹមព្រលែងឲ្យដើររកសុីសេរី តាមផ្លូវ ទើបបង្កឲ្យមានគ្រោះថ្នាក់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខក្លោងទ្វាវត្តគោកខ្សាច់ ភូមិជ័យឧត្តម សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រិន ចាន់ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានទីលំនៅភូមិជើងកូត ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JE-7416 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ មានសត្វគោចំនួន៣ក្បាល រត់ឆ្លងផ្លូវពីកើតទៅលិច ហើយមានមួយក្បាលរត់ទៅបុកម៉ូតូរបស់ជនរងគ្រោះ ដួលរងរបួសធ្ងន់ ហើយសត្វគោទាំងនោះរត់ចូលដីឡូត៍ក្នុងភូមិ ។

ក្រោយកើតហេតុ ត្រូវបានអ្នកភូមិជួយ ចាំ ឃ្លាំមើលសត្វគោ ហើយរាយការណ៍ទៅសមត្ថកិច្ច មេភូមិ ជួយអន្តរាគមន៍ ស្វែងរកម្ចាស់គោ ទៅនិយាយដោះស្រាយគ្នា ។

អស់រយៈពេលជិតមួយម៉ោង ទើបលេចមុខម្ចាស់គោ ដែលជាជនជាតិខ្មែរឥស្លាម នៅភូមិក្បែរនោះ ទៅនិយាយសម្របសម្រួលជាមួយជនរងគ្រោះ ដោយដឹកជូនទៅពេទ្យ ចេញថ្លៃព្យាបាល និងជួសជុលម៉ូតូជូនជនរងគ្រោះ ។

តែបើអ្នកភូមិវិញបានឲ្យដឹងថា រយៈពេល៣ថ្ងៃមកហើយ គេឃើញសត្វគោទាំង៣ក្បាលនេះ ដើរសេរីតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចកើតហេតុ ម្ចាស់គាត់ចិញ្ចឹមដោយព្រលែងឲ្យដើរសុីសេរី គ្រាន់តែក្នុងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ សត្វគោទាំង៣ក្បាលនេះ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ៣លើកហើយ ។

ពលរដ្ឋសំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច មេត្តាចាត់វិធានការតឹងរឹងចំពោះអ្នកចិញ្ចឹមគោដែលព្រលែង ដើរសុីតាមផ្លូវ សាធារណៈ សេរី គ្មានខ្សែចំណងបែបនេះ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.