ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នគរបាលខណ្ឌកំបូល រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ២នាក់ ក្នុងចំណោម៣នាក់ ភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពបន្លំចូលលួចកាបូបលុយជិត២ពាន់ដុល្លា បានសម្រេចហើយ តែចំថ្ងៃស៊យ ម្ចាស់ឃើញទាន់ ស្រែកផ្អើលអ្នកស្រុក សមត្ថកិច្ចដេញចាប់ក្របួចបាន រីឯជនសង្ស័យស្រីម្នាក់ទៀតគេចខ្លួនបាត់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅផ្ទះ ដូរ វេរលុយទ្រូម៉ាន់នី មួយកន្លែងតាមផ្លូវ៤២ ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ ៖ ទី១ ឈ្មោះ ថន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទី២ ឈ្មោះ ថេន ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិប្រធាតុ ឃុំប្រធាតុស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំដូចគ្នា។ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2718 តែកាត់ កែលេខ បិទបន្លំ ភ្នំពេញ1IV-2710 ជាមធ្យោបាយ ។

ចំណែកជនរងគ្រោះ ឈ្មោះ ហាក់ សុពន្លឺ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ គ្រូពេទ្យ និង ដូរលុយ វេរលុយ ទ្រូម៉ាន់នី រស់នៅផ្ទះកើតហេតុខាងលើ ។ នៅក្នុងកាបូប មានលុយចំនួន១០២០ដុល្លារ និង ២លាន៦០មុឺនរៀល ម៉ាសុីន វេលុយ១គ្រឿង ត្រូវបានដហូតមកវិញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានស្ត្រីសង្ស័យម្នាក់ ទៅរកដូរលុយហើយ ប្រើល្បិចរកទិញថ្នាំពេទ្យ គ្រាន់តែជនរងគ្រោះដើរទៅយកថ្នាំ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ បន្លំចូលទៅលួចកាបូបលុយ រួចរត់ឡើងជិះម៉ូតូ ត្រូវបានម្ចាស់រងគ្រោះឃើញទាន់ ស្រែកផ្អើលឆោឡោ សមត្ថកិច្ច និងអ្នកស្រុក ជួយដេញចាប់ឃាត់ខ្លួន២នាក់ ដកហូតកាបូបលុយបានមកវិញ និងម៉ូតូមួយគ្រឿង រីឯស្ត្រីសង្ស័យម្នាក់ គេចខ្លួនបាត់ ។

ក្រោយចាប់ខ្លួនបានជនសង្ស័យ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
