ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿង ដឹកភ្ញៀវឡើងឆ្លងកាត់លើស្ពានអាកាស អ្នកបើករវល់តែមើលក្រោយ ជ្រុលទៅបុកខឿនបង្កាន់ដៃស្ពាន ក្រឡាប់បោកសង្កត់របួសបាក់ភ្លៅស្ត្រីម្នាក់ ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កង់បីរងខូចខាតដំណំ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើស្ពានអាកាសចោមចៅ ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-2259 បើកបរដោយឈ្មោះ ស៊ន ស៊ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី របួសស្រាល ស្នាក់នៅផ្ទះជួល ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដឹកម៉ូយ២នាក់យាយនិងចៅ ឈ្មោះ ស៊ន សំបូ អាយុ៥៦ឆ្នាំ របួសបាក់ភ្លៅស្តាំ និងចៅស្រី អាយុ៥ឆ្នាំ របួសស្រាល មានទីលំនៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
តាមសម្តីបុរសអ្នកបើកម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុ គាត់ដឹកម៉ូយ២នាក់ យាយនិងចៅ ចេញពីផ្សារព្រែកព្នៅ ឆ្ពោះទៅផ្សារទឹកថ្លា ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដោយដំណើរតាមផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះឡើងស្ពានអាកាសចោមចៅ ដល់ខាងលើទៅហើយ រវល់តែមើលកញ្ចក់ទៅក្រោយ ក៏ជ្រុលបុកខឿនបង្កាន់ដៃស្ពាន បណ្តាលឲ្យក្រឡាប់តែម្តង ។

បើតាមកូនប្រុសរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ម្តាយរបស់គាត់ហៅឲ្យកង់បីដឹកជូនទៅផ្ទះកូន នៅឯផ្សារទឹកថ្លា ផ្លូវជាតិលេខ៣ ទើបតែដល់ចំណុចខាងលើជួបគ្រោះថ្នាក់ ។
ស្ត្រីរងរបួសរបួសបាក់ភ្លៅស្តាំ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាពរុករកនិងសង្គ្រោះ ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូកង់បី សមត្ថកិច្ចមូលដ្ឋានទៅពិនិត្យជាក់ស្តែង រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក រងចាំដោះស្រាយជាក្រោយ ៕
អត្ថបទ៖ តាតុង សែនជ័យ

