រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿន រេចង្កូតបុកក្បាលនាគបង្កាន់ដៃស្ពានបាក់ដួលរលំអស់ចំនួន ១កង់និងបណ្ដាលឲ្យរថយន្តហោះផ្លោងកល់ជាប់រថយន្តធ្វើដំណើរទៅមុខលែងរួច។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០១:២០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ចំណុចស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារអោយបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-9963 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត។

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បើកបរក្នុងស្ថានភាពល្បឿនលឿន ថែមទាំងមិនបានប្រុងប្រយ័ត្ន ក៏បានរេចង្កូតបុកក្បាលនាគបង្កាន់ដៃស្ពានពេញទំហឹង បាក់ដួលរលំអស់ចំនួន ១កង់ បង្កអោយរថយន្តហោះផ្លោងកល់ជាប់ខាងលើបង្កាន់ដៃស្ពានធ្វើដំណើរទៅមុខលែងរួច រងការខូចខាតចំផ្នែកខាងមុខខ្ទិចស្ទទើរតែទាំងស្រុង។

បន្ទាប់ពីកើតហេតុបុរសជាអ្នកបើករថយន្តបង្កបានប្រមូលយកឥវ៉ាន់ និងរបស់មានតម្លៃពីក្នុងរថយន្តទៅដាក់ឡើងកង់បីឥណ្ឌា ហើយ​ជិះគេចចេញទៅបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងខាងលើ រួចរាយការណ៏បន្តទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមជំនាញនិតិវិធីច្បាប់នៅពេលក្រោយបន្តទៀតផងដែល៕

អត្ថបទ និង រូបភាព៖ ទូច វិច្ឆិកា

Share.