កំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផល អនុផលព្រៃឈើខុសច្បាប់ នៅចំណុចផ្លូវកែង ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។

​ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ជាញឹកញាប់ ហើយក៏ត្រូវបានជំនាញធ្វើការឃាត់ជាច្រើនដង ជាច្រើនសាដែរ។ ប៉ុន្តែជនល្មើសឈ្មោះ ទៀប ធួក នេះមិនរៀងចាលឡើយ។   

ប្រភព​ដដែលបាន​បញ្ជាក់ថា ឈ្មោះ ទៀប ធួក អាយុ៤៩ឆ្នាំ រស់នៅភូមិពពេជ  ឃុំចុងដូង ស្រុកបារាយណ៍ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះវាយខ្នោះម្តងហើយ។ ចំណែករថយន្តដែលដឹកផល អនុផលព្រៃឈើនោះ រក្សាទុកនៅអធិការខាងជើងបឹងទន្លេសាប មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។ 

ខណៈកម្លាំងសមត្ថកិច្ចចម្រុះទៅដល់សង្កេតឃើញថា មានមនុស្ស ៤នាក់បានធ្វើសកម្មភាពទម្លាក់ផលអនុផលព្រៃឈើចេញពីរថយន្ត ដើម្បីលុបបំបាត់ភស្តុតាងចេញពីរថយន្តផង។

សូមបញ្ជាក់ថា រថយន្តដែលដឹកផលអនុផលព្រៃឈើខុសច្បាប់នោះ ប្រភេទកូរ៉េ ពណ៌ខៀវ លាយស ពាក់ស្លាកលេខ កំពង់ធំ 3A-005។ 

យោងតាម​សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ត្រង់ចំណុចស្លាកលេខរបស់រថយន្តខាងលើនេះ គឺបានបន្លំភ្នែករបស់សមត្ថកិច្ច និងមហាជន ៕

Share.