លោក​ ខឹម​ វាសនា​ បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះ។ នេះបើតាមការផ្សាយនាមុននេះបន្តិចដោយក្រសួងព័ត៌មាន។

ក្រសួងព័ត៌មានបានឱ្យដឹងថា បេីតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក​ ខឹម​ វាសនា​ ប្រធានគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ​ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដេីម្បីត្រួតពិនិត្យ​ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

សូមបញ្ជាក់ថាគិតត្រឹមរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២នេះ សកម្មជនដែលជឿជាក់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាកចេញពីចម្ការ ជាបណ្តើរៗហើយ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ លោក ខឹម វាសនាប្រមាណ ៣០% ប៉ុណ្ណោះដែលមិនទាន់ចាកចេញ។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចំការនោះ ទៅប្រកបរបរ ការងារ រស់នៅជួបជុំគ្រួសារ ជាធម្មតាវិញ ដោយសារតែពុំមានទឹកជំនន់លិចពិភពលោកកើតឡើងទេ ហើយរាជរដ្ឋាភិបាល ក៏បានត្រៀមរថយន្តដើម្បីជូនសកម្មជន និងអ្នកជឿលង់ លោក ខឹម វាសនា ត្រឡប់ទៅគេហដ្ឋានវិញ ដោយមិនគិតថ្លៃ ព្រមទាំងមានអាហារបរិភោគផងដែរ៕

Share.