
«បញ្ជាការដ្ឋានអង្គរក្សបានរួមចំណែកក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ»។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងយ៉ាងដូច្នេះក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមបន្តថាសមិទ្ធិផលជាតិសំខាន់ៗដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។
ឯកឧត្តមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានអង្គរក្សដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដោយលើសពីនេះក៏បានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ។

ឯកឧត្តមក៏បានលើកឡើងចំៗទៀតថា«អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយយថាហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន«ភ្នំតាម៉ៅ»៕





