បាត់ដំបង÷ រន្ទះបាញ់ បាញ់ស្លាប់បុរសម្នាក់ និងខ្យល់កន្ត្រាក់បោកបក់បំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងក្នុងស្រុកមោងឬស្សី។

នគរបាលបានឲ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញានេះថា គ្រោះថ្នាក់បង្កដោយធម្មជាតិនេះបានកើតឡើងលើឃុំចំនួន ២ រួមមានឃុំកកោះ និងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ករណីដដែលនេះបង្កជារន្ទះបាញ់ បានបាញ់ត្រូវជនរងគ្រោះម្នាក់ដែលមានឈ្មោះធិញ ធឿត ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅក្នុងភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឲ្យស្លាប់ ខណ:ជនរងគាត់បានធ្វើដំណើរទៅមើលស្រែខ្លួនដែលកំពុងជួលឲ្យគេភ្ជួរដី។

ដោយឡែកចំពោះករណីទី ២ បានកើតឡើងបន្តបន្ទាប់គ្នានៅវេលាម៉ោង ៥:០០នាទីល្ងាចថ្ងៃដដែលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ថិតនៅចំណុច ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កជាខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងគ្របដណ្តប់លើភូមិដ្ឋានរបស់ប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតផ្ទះអស់ចំនួន ០៩ខ្នង ក្នុងភូមិព្រៃស្វាយ និងភូមិកាឡោមភ្លុក៕
អត្ថបទ៖ ដំបងក្រញូង

