ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងរវាងម៉ូតូZOOMER បើកបុកម៉ូតូកង់បីពេញទំហឹង កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ០២ ចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ មឿន បណ្ឌិតចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DC-3532 ជាមធ្យោបាយ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូធ្វើដំណើរល្បឿនលឿន ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកចំពីមុខម៉ូតូកង់បី បើកច្រាសទិស ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ1M-3768 អ្នកបើកបរមានឈ្មោះទេព សុខា ភេទប្រុស អាយុ២៩ឆ្នាំមុខរបររត់ម៉ូតូកង់បីឥណ្តា មានទីលំនៅភូមិព្រែកហូ ឃុំព្រែកហូ ស្រុកតាខ្មៅ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកម៉ូតូកង់បី និងម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕
អត្ថបទ៖ តាតុង សែនជ័យ

