កំពង់ឆ្នាំង ៖ សត្វគោចំនួន៧ក្បាលបានងាប់ និងមួយក្បាលទៀតរបួសបាក់ជើងក្រោយទាំង២ បន្ទាប់ពីហ្វូងគោទាំងនោះដើរឆ្លងផ្លូវ ត្រូវបានរថយន្តធុនធំដឹកទំនិញបើកបុក គ្រាដែលម្ចាស់លើកទង់សញ្ញា ចម្លងគោក៏ដោយ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ នៅចំណុចមុខក្លោងទ្វារចូលវត្តធម្មវ័ន ក្នុងភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើ មុនកើតហេតុ រថយន្តធុនធំ ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-0474 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បុកហ្វូងគោ កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យងាប់៧ក្បាល និងមួយក្បាលទៀតរបួសបាក់ជើងក្រោយទាំង២ ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពលរដ្ឋ៣ទៅ៤នាក់ បានកាន់ទង់ក្រហម ឈរសងខាងផ្លូវ គ្រវីជាសញ្ញាសុំឲ្យរថយន្តបើកបរលើផ្លូវជាតិបន្ថយល្បឿន ឬឈប់សុំឲ្យគោឆ្លងកាត់សិន ប៉ុន្តែក្នុងពេលនោះរថយន្តបង្កហេតុខាងលើមិនបានបង្អង់ល្បឿន ឬឈប់នោះទេ បើកក្នុងល្បឿនលឿនវ៉ារថយន្តតូច ១គ្រឿងនៅពីមុខ ហើយក៏បានបុកហ្វូងគោដែលកំពុងឆ្លងផ្លូវជាតិបណ្ដាល ឲ្យមានគ្រោះថ្នាក់តែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត យកមកកាន់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី យោងទៅតាមបណ្តឹងរបស់ពលរដ្ឋម្ចាស់គោ ។
ដោយឡែកសត្វគោដែលងាប់និងរបួស សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សត្វគោទាំងនោះជូនប្រជាពលរដ្ឋជាពលរដ្ឋវិញ ។

ករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសាធារណការខេត្ត ដាក់ស្លាកសញ្ញាគោឆ្លងកាត់ផ្លូវត្រង់ចំណុចខាងលើនេះឡើងវិញផង ព្រោះថាពីមុននៅចំណុចនេះ មានផ្លាកសញ្ញាគោឆ្លងផ្លូវចំនួន២ផ្ទាំង ប៉ុន្តែថ្មីៗនេះត្រូវបានគេដកចេញពេលជួសជុលផ្លូវជាតិ ។ ការដាក់ស្លាកសញ្ញាឡើងវិញនេះ ដើម្បីជាដំណឹងដល់អ្នកបើកបរយន្តគ្រប់ប្រភេទ សុំឲ្យប្រុងប្រយ័ត្ននិងបន្ថយល្បឿន កន្លែងសត្វគោឆ្លងកាត់ ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ នៅពេលក្រោយទៀត ៕
អត្ថបទ៖តាតុង សែនជ័យ

