ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយពីដាក់កៅអីជាន់ឡើងដើម្បីចងទុយោទទឹក កម្ពស់ជាង១ម៉ែត្រ ស្រាប់តែដាច់របូតដៃធ្លាក់ដាំដូងក្បាលចូលក្នុងលូបង្គន់ បណ្តាលឲ្យបាក់ក បង្កឲ្យភ្ញាក់ អ្នកភូមិហួសចិត្ត ងឿងឆ្ងល់គ្រប់គ្នា មិនគួរជនរងគ្រោះជួបរឿងអាក្រក់បែបនេះ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះរបស់ជនរងគ្រោះ តាមផ្លូវបេតុង ផ្ទះលេខ៧០ ក្រុមទី៦ ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសរងគ្រោះមាន ឈ្មោះ ហុក យូហ៊ាង អាយុ៥០ឆ្នាំ មុខរបរលក់ដូរ តែមានជំងឺលើសឈាមផង មានប្រពន្ធឈ្មោះ សាន់ ចាន់ថន អាយុ៦០ឆ្នាំ មុខរបរលក់ដូរ មានកូនស្រីចំនួន២នាក់ ហុក សុជាតា និងឈ្មោះ ហុក សុភារ៉ា រស់នៅផ្ទះកើតហេតុ ។

បើតាមស្ត្រីជាប្រពន្ធបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់(ជនរងគ្រោះ) បម្រុងឡើងចងទុយោទទឹក នៅសំយ៉ាបមុខផ្ទះ តែគាត់ឃើញក៏ប្រាប់កុំឲ្យឡើង ព្រោះខ្លួនឈឹផង ម្យ៉ាងមាឌធំផង ឡើងម្តេចកើត រងចាំរកញាតិជិខាងឲ្យជួយវិញ ស្រាប់តែនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា មុនកើតហេតុ គ្រាដែលគាត់ចេញទៅលក់ដូរ កូនចេញទៅធ្វើការអស់ នៅផ្ទះតែជនរងគ្រោះម្នាក់ឯង លុះនៅវេលាម៉ោងខាងលើ គ្រាដែលចូលមកដល់ផ្ទះ ស្រាប់តែឃើញប្តី ដាំដូងក្បាលចូលក្នុងលូបង្គន់ ស្រែកឆោឡោ ផ្អើលអ្នកជិតខាងជួយលើកចេញ លាងសម្អាតទឹក ជនរងគ្រោះស្លាប់បាត់ទៅហើយ ។

បើតាមអ្នកជិតខាងបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះដាក់កៅអីជ័រ ត្រួតលើគ្នា ជាន់ឡើងដើម្បីចងទុយោទទឹក លាន់ឮសូរប្រ៉ាវដែរតែមិនឃើញមនុស្ស ទាល់តែប្រពន្ធរបស់គាត់មកដល់ទើបប្រទះឃើញជនរងគ្រោះដាំដូងក្បាលចូលលូបង្គន់ ទើបនាំគ្នាឆោឡោជួយទាញលើយកចេញ តែបានស្លាប់បាត់ បានត្រឹមជួយលាងជូតសំអាតលើកចូលក្នុងផ្ទះ ។

ឧប្បត្តិហេតុខាងលើ ក្រុមគ្រួសាររាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ឃើញថាជនរងគ្រោះស្លាប់ដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះជនរងគ្រោះតែម្តង ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.