កាលពីថ្ងៃ អាទិត្យ ទី ០៤ ខែ កញ្ញា ប៉ូលីសកាណាដាកំពុងតាមចាប់ជនសង្ស័យ ២នាក់ ដែលគេជឿថាបានសម្លាប់មនុស្ស ១០នាក់ និង មនុស្ស ១៥នាក់ផ្សេងទៀតឲ្យរងរបួសនៅក្នុងហេតុការណ៍ចាក់សម្លាប់ នៅទីតាំងចំនួន ១៣កន្លែង ក្នុងខេត្ត Saskatchewan។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២។
ការចាក់សម្លាប់នេះបានកើតឡើងនៅចំណោមឧក្រិដ្ឋកម្មចំនួន ១៣លើក នៃការសម្លាប់រង្គាលដ៏អាក្រក់បំផុតក្នុងប្រទេសកាណាដា ដែលនេះជាការវាយប្រហារនៃអំពើហិង្សាទ្រង់ទ្រាយធំ ជាទូទៅគេឃើញនៅតំបន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។

បើតាមសេចក្ដីថ្លែងការណ៍របស់មេដឹកនាំសហគមន៍ជនជាតិដើមភាគតិចបានឲ្យដឹងថា ការវាយប្រហារនេះ ទំនងជាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយនៅក្នុងសារបង្ហោះនៅលើ Twitter ថា «ការវាយប្រហារនៅខេត្ត Saskatchewan នៅថ្ងៃនេះ គឺជារឿងដ៏រន្ធត់ និង គួរឲ្យសោកស្ដាយ។ ខ្ញុំកំពុងគិតពីអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និង អ្នកដែលរងរបួស»។

អភិបាលខេត្ត Saskatchewan លោក Scott Moe បាននិយាយនៅលើ Twitter ថា «មិនមានពាក្យណាមួយដើម្បីពិពណ៌នាអំពីការឈឺចាប់ និង ការបាត់បង់ដែលបណ្ដាលមកពីអំពើហឹង្សានេះ»។
ទន្ទឹមនោះប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យទាំង ២នាក់ ដោយជនសង្ស័យទី១ ឈ្មោះ Damien Sanderson អាយុ ៣១ឆ្នាំ និង ជនសង្ស័យទី២ ឈ្មោះ Myles Sanderson អាយុ ៣០ឆ្នាំ។

ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានគេរាយការណ៍ដំបូង កាលពីព្រឹកព្រលឹម ថ្ងៃ អាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែ ៣ម៉ោងក្រោយមក ប៉ូលិសបានជូនដំណឹងថាករណីនេះបានកើតឡើងនៅទូទាំងខេត្តតែម្តង។ ក្រោយមកនៅរសៀលថ្ងៃដដែល ការជូនដំណឹងស្រដៀងគ្នានេះក៏ត្រូវបានធ្វើ ឡើងនៅក្នុងតំបន់ Saskatchewan ដែលស្ថិតនៅក្បែរខេត្ត Alberta និង ខេត្ត Manitoba ព្រមជាមួយនឹងការព្រមានរបស់ប៉ូលិសថា ជនសង្ស័យអាចស្ថិតនៅជាយក្រុង Regina ដែលប៉ូលិសកំពុងឡោមព័ទ្ធ។
ប៉ូលីសបានបញ្ជាក់ថា ពួកគេទាំង ២នាក់ ត្រូវបានគេឃើញធ្វើដំណើរក្នុងរថយន្ដ Nissan Rogue ពណ៌ខ្មៅ ក្នុងទីក្រុង Regina មានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រ ពីភាគខាងត្បូងភូមិ James Smith Cree Nation និង ភូមិ Weldon ជាភូមិមានការសម្លាប់រង្គាលុះ៕

