Tanya Pardazi តារា Tiktok វ័យ ២១ឆ្នាំ ដែលមានចំនួន follow ក្បែរ ១សែននាក់ ខណៈលោតឆ័ត្រយោងពីលើអាកាសតែម្នាក់ឯងជាលើកដំបូង បានជួបនឹងឧប្បត្តិហេតុ បណ្ដាលឱ្យស្លា.ប់ ទោះជាបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្ដី។

អតីត Miss Teen Canada ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៧ រូបនេះ បានចូលរៀនវគ្គ លោតឆ័ត្រយោង ដែលធ្វើឱ្យនាងអាចលោតឆ័ត្រយោងពីលើអាកាសតែម្នាក់ឯងបាន។ និស្សិតសកលវិទ្យាល័យ Toronto រូបនេះ បានរៀនវគ្គលោកឆ័ត្រយោងនៅ Ontario ប៉ុន្តែជាអកុសលដែលឆ័ត្រយោងរបស់នាងគាំងមិនគ្រលាស់ ប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមគ្រលាស់រាងកាយរបស់នាងបានធ្លាក់មកដល់ចំណុចកាន់តែទាបបាត់ទៅហើយ។ នេះបើយោងតាមការផ្សាយពីបណ្ដាញសារព័ត៌មាននានានៅកាណាដា។

យោងតាមផេកហ្វេសប៊ុករបស់ Skydive Toronto បានប្រកាសថានិស្សិតវ័យ២១ឆ្នាំម្នាក់កំពុងតែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរដោយសារតែឆ័ត្រគ្រលាស់។ យោងតាមផេកដដែលនេះបានឱ្យដឹងទៀតថាក្រោយជួបឧប្បត្តិហេតុភ្លាមនាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអាចសង្គ្រោះជីវិតនាងបាន។ ក្រោយហេតុការណ៍នេះខាងក្រុមហ៊ុនកំពុងតែសហការជាមួយនឹងប៉ូលិសដើម្បីស៊ើបអង្កេតពីករណីនេះ។

យុវតីរូបនេះជាមនុស្សចូលចិត្តធ្វើអ្វីថ្មីនិងផ្សងព្រេង បើតាមមិត្តភ័ក្តិជិតស្និទ្ធិរបស់នាងបានប្រាប់សារព័ត៌មាន CTV News Toronto ថា «សម្រាប់នាងជីវិតគឺពោរពេញទៅដោយរឿងធុញទ្រាន់ ហើយនាងតែងតែព្យាយាមធ្វើអ្វីថ្មីៗបែបផ្សងព្រេងជានិច្ច»។

នេះគឺជាការបាត់បង់ធនធានយុវជនមួយទៀតហើយ បន្ទាប់ពីកាលពី៣ខែមុនតារា Tiktok វ័យ ១៩ របស់អាមេរិក Cooper Noriega ឆ្នាំបានស្លាប់ ប៉ុន្តែមូលហេតុនៃការស្លាប់នោះមិនត្រូវបានទម្លាយមកខាងក្រៅនោះឡើយ៕

Share.