ព្យុះទីហ្វុង Hinnamnor បានបោកបក់មកប្រទេសកូរ៉េខាងត្បូងនាថ្ងៃ ច័ន្ទ ទី ០៥ ខែ កញ្ញា នេះ ដោយបង្ខំឲ្យមានការលុបចោលជើងហោះហើរ ផ្អាកប្រតិបត្តិការអាជីវកម្មមួយចំនួន និង ការបិទសាលារៀន ខណៈប្រទេសនេះបានបង្កើនប្រកាសអាសន្នកម្រិតខ្ពស់ពីដោយសារព្យុះទីហ្វុងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២។

ភ្លៀងធ្លាក់ខ្លាំង និង ខ្យល់បក់បោកខ្លាំងនៅភាគខាងត្បូងនៃប្រទេស ដោយព្យុះទីហ្វុងធ្វើដំណើរទៅកាន់ភាគខាងជើងក្នុងល្បឿន ២៤គីឡូម៉ែត្រ ក្នុង១ម៉ោង។

ព្យុះ Hinnamnor ត្រូវបានគេរំពឹងថា នឹងវាយលុកនៅភាគនិរតីនៃទីក្រុងកំពង់ផែ Busan នៅព្រឹកថ្ងៃ អង្គារ បន្ទាប់ពីព្យុះនេះបោកបក់ទៅដល់តំបន់ដែនទឹកនៃកោះ Jeju នៅពាក់កណ្ដាលយប់ថ្ងៃ ច័ន្ទ។ ចំណែកឯ ទីក្រុងមួយចំនួនទៀត ដូចជាទីក្រុង Gwangju ទីក្រុង Busan ទីក្រុង Daegu និង ទីក្រុង Ulsan ក៏ត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ផងដែរ។

ប្រធានាធិបតី Yoon Suk-Yeol បាននិយាយនាថ្ងៃ ច័ន្ទ ថា លោកបើកកិច្ចប្រជុំបន្ទាន់ជាមួយក្រុមអាជ្ញាធរ ដើម្បីត្រួតពិនិត្យឡើងវិញលើប្រព័ន្ធឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ ជាមួយការសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការខូចខាត និង ផលប៉ះពាល់បង្កឡើងដោតខ្យល់ព្យុះ។

រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បាននិយាយថា «ខ្យល់បោកបក់ខ្លាំង និង ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបង្កគ្រោះអាសន្ននៅទូទាំងប្រទេសរហូតដល់ថ្ងៃអង្គារ ចំណែកឯនៅតំបន់ឆ្នេរអាចប្រឈមដោយសារព្យុះទីហ្វុង ជាមួយនឹងរលកខ្ពស់ៗ ហើយក៏មានការព្រមានពីហានិភ័យដោយរលកយក្សស៊ូណាមិដែរ»។

យោងតាមការព្យាករណ៍របស់ រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឲ្យដឹងថា ព្យុះទីហ្វុង Hinnamnor នឹងបន្ដឆ្ពោះទៅទិសឥសាន្ដ ទីក្រុង Sapporo ប្រទេសជប៉ុន៕

ប្រភព៖ CNA

Share.