
ចូលរួមជួយជាតិ និងប្រជាជនបានរយៈពេល១០ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ។ ជាការកត់សម្គាល់ មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ នេះបើតាមការថ្លែងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចំនួនជាង៨០០នាក់ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវ ក៏បានបង្ហាញអារម្មណ៍រីករាយនិងមោទនភាពដែលសមាគមគ្រូពេទ្យសមាជិកយុវជនសម្ដេចតេជោបានវិវត្តន៍ខ្លួនមកដល់ពេលនេះ និងបានចូលរួមសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដើម្បីផ្ដល់នូវជីវិតទីពីរ និងស្នាមញញឹមនិងការចូលរួមការលះបង់កម្លាំងកាយចិត្តពេលវេលា ប្រកបដោយកាយវិកាមនុស្សធម៌និងគុណធម៌របស់សមាជិកចំពោះប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិតបានបន្ថែមថា«សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិកសមាជិកាចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗ នឹងមានឱកាសបង្កើតទំនាក់ទំនងល្អចំពោះគ្នាទៅវិញទៅមក»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានថ្លែងអំណរគុណសមាជិកសមាជិកាសមាគមដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងសូមថ្លែងអំណរគុណសប្បុរសជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម៕

