ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្ដីមន្រ្តីក្នុងតំបន់ថា មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ ពេលព្យាយាមឡើងលើភ្នំភ្លើង Klyuchevskaya Sopka ដែលមានអាកាសធាតុដ៏ត្រជាក់​ ស្ថិតនៅឧបទ្វីប Kamchatka នៅភាគខាងកើតប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Moscow Times នាថ្ងៃ ច័ន្ទ​ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២។

អាជ្ញាធរមូលដ្ឋានបាននិយាយថា មានក្រុមអ្នកឡើងភ្នំចំនួន ១០នាក់ មកពីតំបន់ចំនួន៧ នៃប្រទេសរុស្ស៊ី រួមទាំងមគ្គុទេ្ទសក៍ ២នាក់ទៀត បានចេញដំណើរឡើងលើភ្នំភ្លើង Klyuchevskaya Sopka ដែលមានកម្ពស់ ៤,៧៥៤ម៉ែត្រ កាលពីថ្ងៃ អង្គារ សប្ដាហ៍មុន។

Interfax បានរាយការណ៍កាលពីថ្ងៃ អាទិត្យ ទី ០៤ ខែ កញ្ញា ដោយដកស្រង់សម្ដីអ្នកស៊ើបអង្កេតថា មនុស្ស ៦នាក់ បានស្លាប់ដោយសារតែធ្លាក់ចុះពីទីខ្ពស់។ ក្រោយមកមគ្គុទ្ទេសក៍ដែលរួមដំណើរជាមួយពួកអ្នកឡើងភ្នំទាំងនេះបានរាយការណ៍តាមទូរស័ព្ទផ្កាយរណបថា មានអ្នកស្លាប់ចំនួន ២នាក់ទៀត ដោយមិនបានកំណត់អត្តសញ្ញាណមូលហេតុនៃការស្លាប់នោះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានឲ្យដឹងថា ក្រុមជួយសង្រ្គោះចំនួន ២ក្រុម ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ ដើម្បីស្វែងរកអ្នកនៅមានជីវិត ស្ថិតនៅរយៈកម្ពស់ ៣,៣០០ម៉ែត្រ។ ក្រុមទី១ ត្រូវបានគេរំពឹងថា នឹងទៅដល់គោលដៅនៅពាក់កណ្ដាលអធ្រាត្រថ្ងៃ ច័ន្ទ ខណៈក្រុមទី២ នឹងទៅដល់គោលដៅនៅថ្ងៃ ពុធ តាមរយៈឧទ្ធម្ភាគចក្រ ប៉ុន្ដែដោយសារតែកម្លាំងខ្យល់បោកបក់ខ្លាំងពេកបានរារាំងមិនឲ្យពួកគេអាចចុះចតដោយសុវត្ថិភាពនោះទេ។

លើសពីនេះ មានមគ្គុទ្ទេសក៍ម្នាក់ និង អ្នកនៅមានជីវិតម្នាក់ទៀត ត្រូវបានជាប់គាំងនៅលើភ្នំកម្ពស់ ៤,១០០ម៉ែត្រ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Interfax។

សូមជម្រាបថា ភ្នំភ្លើង Klyuchevskaya Sopka គឺជា ភ្នំភ្លើងសកម្ម ចាប់តាំងពីការផ្ទុះដែលបានកត់ត្រាជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៦៩៧ ប៉ុន្ដែនៅពេលសីតុណ្ហភាពលើភ្នំនេះអាចធ្លាក់ចុះដល់ -១៤អង្សាសេ ឯណោះ អាជ្ញាធរបានព្រមានថា ភ្នំនេះជាភ្នំដ៏គ្រោះថ្នាក់មួយ ដោយវាអាចនឹងមានហានិភ័យនៃបំន្ទុះភ្នំភ្លើងផងដែរ៕

ប្រភព៖ The Moscow Times

Share.