កណ្តាល ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកបុរសម្នាក់ទៀតរបួសស្រាល រយះប្រអប់ជើងឆ្វេង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ រវាងរថយន្តCRVបើកបុកពីក្រោយមូតូហុងដាឌ្រីម កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ២ ក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-1701 ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុងាកចង្កូតបម្រុងបត់ឆ្វេង ត្រូវបានរថយន្តម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-2501 បើកស្របទិស បុកពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ បាក់ជើងស្ត្រីម្នាក់ ប្រុសម្នាក់ទៀត របួសស្រាលរយះប្រអប់ជើងឆ្វេង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តប្រតិបត្តិរបស់ស្រុកកណ្តាលស្ទឹងដឹកយកទៅ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុក រងចាំដោះសហរាយពេលក្រោយ ៕
អត្ថបទ៖ តាតុង សែនជ័យ

