ថ្មីៗនេះ Influencer ល្បីឈ្មោះដែលមានរហស្សនាមលើហ្វេសប៊ុកថា ក័នចមផាឡាំង បានចេញមកប្រកាសថាខ្លួនត្រូវអ្នកសុំទានខ្មែរឆ្លងដែនខុសច្បាប់បោកប្រាស់នៅលើហ្វេសប៊ុកផេករបស់លោក។

ក័នចមផាឡាំង បាននិយាយនៅលើផេកខ្លួនថា បានឃើញរូបភាពអ្នកសុំទានម្នាក់ដែលគេនាំគ្នាហៅថា អ៊ំ V កើតមានចិត្តអាណិតក៏បានទាក់ទងឲ្យអ្នកស្គាល់យកជំនួយគ្រឿង ឧបភោគ បរិភោគទៅជួយភ្លាមៗ។ បន្ទាប់មកលោកបានទំនាក់ទំនងទៅអង្គភាពសុខសុវត្ថិភាពប្រជាជន និង អភិវឌ្ឍសង្គម ទើបដឹងថាខ្លួនត្រូវបានបោកប្រាស់។

តាមពិត អ៊ំ មានឈ្មោះថា គម ផមី អាយុ47ឆ្នាំ ជាអ្នកសុំទានឆ្លងដែនខុសច្បាប់មកប្រទេសថៃ។ លោកអ៊ំ និង គ្រួសារត្រូវសមត្ថកិច្ចចាប់បញ្ជូនជាច្រើនសារប៉ុន្តែនៅតែលួចឆ្លងដែនត្រលប់មកវិញ។ នៅក្នុងនោះគ្រួសារ អ៊ំ គម មាន កូនប្រពន្ធ ម្ដាយក្មេក ប្រកបអាជីពសុំទាននេះ ថែមទាំងមានការយកក្មេងមកដើរសុំទានដើម្បីទាញចិត្តអាណិតពីសាធារណជន។

ចំណូលដែលអ៊ំគម និង គ្រួសាររកបានមួយថ្ងៃ មិនក្រោម5ពាន់បាតនោះឡើយ សរុបលុយប្រចាំខែដែលរកបានគឺ15ម៉ឺនបាតក្នុងមួយខែៗ។ សមត្ថកិច្ចថៃបានចាប់បញ្ជូនលោកអ៊ំ គម និង គ្រួសារត្រលប់ប្រទេសកម្ពុជាវិញហើយ៕
