បាត់ដំបង ៖ រថយន្តISUZUដឹកអីវ៉ាន់មួយគ្រឿង បើកលឿនរេចង្កូតទៅបុកខឿនទ្រូងផ្លូវកំពុងសាងសង់ បណ្តាលឲ្យក្រឡាប់បះជើង ចាក់អីវ៉ាន់ចោលរាយប៉ាយពេញផ្លូវ សំណាងល្អមិនបង្គរបួសដល់មនុស្ស។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី១៣ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកISUZU ពណ៌ទុយោទឹក ពាក់ស្លាកលេខ បាត់ដំបង 2A-6973 បើកបរដោយឈ្មោះ សុខ ឃី ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកអីវ៉ាន់ បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ រេចង្កូតទៅបុក បះខឿនទ្រូងផ្លូវ កំពុងតែសាងសង់ បណ្តាលឲ្យក្រឡាប់បះជើង ចាក់អីវ៉ាន់ចោលរាយប៉ាយពេញផ្លូវ សំណាងល្អមិនបង្ករបួសដល់មនុស្ស ខូចខាតតែរថយន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចអនុញ្ញាតិឲ្យម្ចាស់លើករថយន្តអូសយកទៅជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ តាតុង សែនជ័យ

