យ៉ាងហោចណាស់មនុស្ស ៤៦នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ និង ជាង ៥០នាក់ទៀត រងរបួស ខណៈមនុស្សចំនួន ១៦នាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលវាយប្រហារខេត្តស៊ីឈួនភាគនិរតីប្រទេសចិន កាលពីថ្ងៃ ច័ន្ទ ដោយបង្កឲ្យមានការរអិលបាក់ដី និង គ្រោះរញ្ជួយដីរួមទាំងអគារនានា នៅក្នុងទីក្រុង Chengdu ដែលមានអ្នកស្រុកចំនួន ២១លាននាក់ ស្ថិតក្រោមការបិទខ្ទប់ដោយសារកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Washington Post នាថ្ងៃ អង្គារ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ផ្លូវថ្នល់ និង លំនៅឋាន ដែលស្ថិតនៅក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានទទួលរងការខូចខាតដោយសារបំណាក់ដី ស្របពេលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នៅតំបន់យ៉ាងហោច ១កន្លែង។ រីឯទំនប់ និង ស្ថានីយវារីអគ្គិសនី ដែលនៅចម្ងាយ៥០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ គឺមិនមានការរាយការណ៍ថា រងការខូចខាតអ្វីទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តផ្ទាល់ បានទទួលរងការខូចខាត ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់ ៤០,០០០នាក់។

យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិនបានឲ្យដឹងថា ចំណុចរំញ័ររបស់វា ស្ថិតនៅក្រុង Luding ហើយបានវាយប្រហារតំបន់ភ្នំុំមួយ គឺមានចម្ងាយប្រហែលជា ២២៦គីឡូម៉ែត្រពីភាគនិរតីទីក្រុង Chengdu ដែលជារដ្ឋធានីនៃខេត្តស៉ីឈួន។

ទូរទស្សន៍រដ្ឋចិនបានផ្សាយថា មានមនុស្សសរុប ៣៩,០០០នាក់ ដែលរស់នៅក្នុងបរិវេណ ២០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ ហើយមាន១.៥៥លាននាក់ ស្ថិតក្នុងបរិវេណ១០០គីឡូម៉ែត្រជុំវិញទីនោះ។

ក្រៅពីទីក្រុង Chengdu គ្រោះរញ្ជួយដីខាងលើ ក៏បានជះឥទ្ធិពលដល់បណ្តាខេត្តក្បែរខាងចំនួន ៣ទៀតដូចជា៖ ខេត្ត Yunnan ខេត្ត Shaanxi និង ខេត្ត Qhuzhou។

សូមជម្រាបថា ខេត្តស៉ីឈួន ជាខេត្តស្ថិតនៅលើគែមខ្ពង់រាបទីបេ ជាកន្លែងដែលបន្ទះប្លាកែតប៉ះគ្នា ហើយតែងតែទទួលរងនូវការរញ្ជួយដី។ កាលពីខែ ​មិថុនា មានការរញ្ជួយដីចំនួន ២លើក បានសម្លាប់មនុស្សយ៉ាងតិច ៤នាក់។ សម្រាប់ហេតុការណ៍រញ្ជួយផែនដីដ៏ខ្លាំងបំផុតនៅខេត្តស៉ីឈួន គឺត្រូវបានកត់ត្រាកាលពីខែឧសភា ឆ្នាំ២០០៨ នៅពេលរញ្ជួយដីកម្រិត៨.០រ៉ិចទ័រ បានវាយប្រហារស្រុក Wenchuan ដែលបណ្តាលឲ្យមានមនុស្សស្លាប់ជិត ៧០,០០០នាក់ និង ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖ The Washington Post & CGTN

Share.