ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើងគេឃើញបុរសម្នាក់បើករថយន្តព្រូសពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ 2AY-4597 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទៅទិសដៅពីកើតមកលិច។ លុះមកដល់ចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏សុីញ៉ូបត់ឆ្វេងបំណងចូលព្រលានយន្តហោះ ស្រាប់តែមានរថយន្តក្លីនិចឯកជន ខ្មែរមេឌីឃែរ បើកបរដោយបុរសម្នាក់ ព្រមទាំងមានដឹកអ្នកជំងឺនៅលើរថយន្តផង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយល្បឿនលឿនឆ្លងស្តុកក្រហម ខ្វះការប្រុងប្រយ័ត្ន មកបុករថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ដោយរថយន្តគ្លីនិកឯកជនរងការខូចខាត ខ្ទេចមួយកំណាត់មុខ ឯរថយន្តព្រូសរងការខូចខាតខ្ទេចមួយកំណាត់មុខ ដោយដាច់កាឡេកង់មួយចំហៀងខាងស្ដាំ តែជាសំណាងល្អមិនបង្កមានអ្នករងរបួសនោះទេ។

ឯអ្នកជំងឺដែលជិះលើរថយន្តគ្លីនិកឯកជន បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ចុះពីរថយន្តឡើងជិះម៉ូតូកង់បីឥណ្ឌាទៅព្យាបាលបន្តនៅមន្ទីរពេទ្យកុមារ ជាតិ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10:20 នាទីយប់ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2022 នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ ក្នុងភូមិក្បាលដំរី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមាន របស់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទៅតាំង កន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីទាំងពីរ ដោយភាគីទាំងសងខាងព្រមយករថយន្ដទៅជុសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងកុំអោយវែងឆ្ងាយ៕
អត្ថបទ៖លី សុភ័ស្ត
