ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូលបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានបន្លំចូលលួចកាបូបលុយជិត២ពាន់ដុល្លារ នៅផ្ទះទ្រម៉ាន់នី នៅតាមផ្លូវ៤២ ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានទាំង២នាក់រួមមាន ៖ ទី១ ឈ្មោះ ថន សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទី២ ឈ្មោះ ថេន ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិប្រធាតុ ឃុំប្រធាតុស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ ។ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2718 តែកាត់ កែលេខបិទបន្លំ ភ្នំពេញ1IV-2710 ជាមធ្យោបាយ ។

ចំណែកជនរងគ្រោះ ឈ្មោះ ហាក់ សុពន្លឺ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ គ្រូពេទ្យ និង ដូរលុយ វេរលុយ ទ្រូម៉ាន់នី រស់នៅផ្ទះកើតហេតុខាងលើ ។ នៅក្នុងកាបូប មានលុយចំនួន១០២០ដុល្លារ និង ២លាន៦០មុឺនរៀល សរុបជិត២ពាន់ដុល្លារ ម៉ាសុីនវេលុយ១គ្រឿង ត្រូវបានដហូតមកវិញ ។

ជនសង្ស័យទាំង២នាក់ បាមធ្វើសកម្មភាពបន្លំចូលលួចកាបូបលុយនៅផ្ទះទ្រូម៉ាន់នី យុីហោ ហាក់ សុពន្លឺ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន ត្រូវបានជនរងគ្រោះស្រែកឆោឡោ ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ក្បែរនោះស្រាប់ កម្លាំងប្រជាការពារ ព័ទ្ធស្ទាក់ បំបុក ចាប់ខ្លួនបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ កសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ នគរបាលបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនបន្តតាមនីតិវិធី ៕

អត្ថបទ៖លី សុភ័ស

Share.