ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់បានជម្លៀសខ្លួនចេញ ខណៈព្យុះទីហ្វុង Hinnamnor បានបោកបក់នៅភាគខាងត្បូងប្រទេស នាពេលព្រឹកថ្ងៃ អង្គារ ទី ០៦ ខែ កញ្ញា ជាមួយនឹងរបាយការណ៍អំពីការដាច់ចរន្ដអគ្គិសនី និង មានទឹកជំនន់នៅតំបន់មួយចំនួន ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និង ខ្យល់បក់ខ្លាំង ដែលរំពឹងថា នឹងបន្ដអុកលុកពេញ ១ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២។

ព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតនេះអាចទប់ទល់នឹងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ វាបានបោកបក់លើកោះ Jeju ភាគខាងត្បូងប្រទេសនេះមួយយប់ មុនពេលបោកបក់នៅជិតទីក្រុងកំពង់ផែ Busan ដែលត្រូវបានវាយលុកដោយរលកដ៏ធំ និង ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខូចផ្លូវ មាត់សមុទ្រ និង ហាងទំនិញនៅក្បែរនោះ។

អាជ្ញាធរបាននិយាយថា ព្យុះទីហ្វុងបានបោកបក់ក្នុងល្បឿន ៤៣ម៉ែត្រ ក្នុង១វិនាទី នៅពេលដែលវាបានបោកបក់មកដី។

ទីស្នាក់ការកណ្ដាលប្រឆាំងគ្រោះមហន្ដរាយ និង សុវត្ថិភាព បាននិយាយថា មានមនុស្សអាយុ ២៥ឆ្នាំម្នាក់ មកពីទីក្រុង Ulsan បានបាត់ខ្លួន។

ជាការទប់ស្កាត់ និង បង្កាហានិភ័យ អាជ្ញាធរបានបិទសាលារៀនជាង ៦០០កន្លែង នៅទូទាំងប្រទេស ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានផ្អាកជើងហោះហើរក្នុងស្រុកប្រហែល ២៥០ ប៉ុន្ដែសេវាកម្មហោះហើរបានបន្ដឡើងវិញជាបណ្ដើរៗនៅថ្ងៃ អង្គារដដែល បន្ទាប់ពីព្យុះ Hinnamnor បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន។

យោងតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង បានឲ្យដឹងថា ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅទិសឥសាន្ដ និង ឆ្លងកាត់ក្នុងល្បឿន ៤០០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Sapporo ប្រទេសជប៉ុន នៅពាក់កណ្ដាលអាធ្រាតថ្ងៃ អង្គារ នេះ។

អ្នកនាំពាក្យរបស់ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា លោក Yoon Suk-yeol បានកោះប្រជុំបន្ទាន់មួយ ដោយជំរុញឲ្យក្រុមមន្រ្តីបង្កើនការប្រុងប្រយ័ត្ន រហូតដល់ព្យុះបាត់ទៅវិញ។

គិតត្រឹមព្រឹកថ្ងៃ អង្គារ នេះ (ម៉ោងក្នុងស្រុក) មនុស្ស ៣,៤៦៣នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាព ដែលភាគច្រើនគឺជម្លៀសមកពីតំបន់ភាគខាងត្បូងប្រទេស។

ទន្ទឹមនោះ កូរ៉េខាងជើង ដែលជាប្រទេសជិតខាង ក៏បានទប់ទល់នឹងការខូចខាតពីព្យុះទីហ្វុងនេះផងដែរ ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃ ស្ដីពីការងារបង្ការគ្រោះមហន្ដរាយ និង ការបញ្ចេញទឹកពីទំនប់ទៅជិតព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង។ ខណៈកូរ៉េខាងត្បូងបានទទូចម្ដងហើយម្ដងទៀត ឲ្យកូរ៉េខាងជើងផ្ដល់ការជូនដំណឹងជាមុន មុនពេលបញ្ចេញទឹកចេញពីទំនប់ ព្រោះវាអាចបណ្ដាលឲ្យមានទឹកជំនន់ ប៉ុន្ដែទោះជាយ៉ាងណាទីក្រុង ព្យុងយ៉ាង របស់កូរ៉េខាងជើង នៅតែមិនមានការឆ្លើយតបនោះទេ៕

ប្រភព៖ CNA

Share.