ក្រុមអ្នកវិទ្យាសាស្រ្តកំពុងបង្ហាញក្ដីបារម្ភពីផ្ទាំងទឹកកក Thawaites ដ៏ធំសម្បើមនៅភាគខាងលិចទ្វីបអង់តាក់ទិក កំពុងស្ថិតចំចំណុចកណ្ដាលនៃការដួលរលំហើយអាចបង្កឲ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែការកើនឡើងកម្ដៅផែនដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Forbes នាថ្ងៃ ពុធ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២។

ឥលូវនេះទិន្នន័យថ្មីដែលស្រង់ចេញពីបាតសមុទ្របង្ហាញថា ផ្ទាំងទឹកកកអាចរលាយលឿនជាងការរំពឹងទុកពីមុនមក ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកម្រិតទឹកសមុទ្រពិភពលោក។

ប្រសិនបើផ្ទាំងទឹកកកទំហំទាំងមូលស្មើរដ្ឋ ផ្លរីដា និង ទឹកកកជុំវិញមួយចំនួនត្រូវបានបាក់រលាយចូលទៅក្នុងមហាសមុទ្រមែននោះ វាអាចបង្កើនកម្រិតទឹកសមុទ្រពី ១ ទៅ ៣ម៉ែត្រ ដែលនឹងបង្កការបំផ្លិចបំផ្លាញធំធេងសម្រាប់សហគមន៍នៅតាមឆ្នេរសមុទ្រមួយចំនួន ទូទាំងពិភពលោក។

សម្រាប់បរិបទនេះ យើងបានឃើញការកើនឡើងកម្រិតទឹកសមុទ្រតិចជាង ១ហ្វីត ក្នុងរយៈពេល ៣ទស្សវត្សកន្លងមកនេះ ហើយវាគ្រប់គ្រាន់ក្នុងការបង្កើនទឹកជំនន់នៅកន្លែងមួយចំនួន។

ការស្រាវជ្រាវថ្មីនៅក្នុងទស្សនាវដ្ដី Nature Geoscience បានបង្ហាញថា ផ្ទាំងទឹកកក Thwaites បានរលាយយ៉ាងលឿន គួរឲ្យភ្ញាក់ផ្អើលកាលពីអតីតកាល ហើយវាអាចរលាយកាន់តែលឿននាពេលអនាគតដ៏ខ្លីខាងមុខនេះ។

អ្នកដឹកនាំការសិក្សា និង ភូគព្ភសាស្រ្តសមុទ្រ Alastair Graham នៅសាកលវិទ្យាល័យ South Florida បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «លទ្ធផលរបស់យើងបានបង្ហាញថា​ ការរលាយយ៉ាងលឿនបានកើតឡើងនៅផ្ទាំងទឹកកក Thwaites Glacier ក្នុងរយៈពេល ២សតវត្សរ៍ចុងក្រោយ ហើយថ្មីៗនេះ ប្រហែលជានៅពាក់កណ្ដាលសតវត្សរ៍ទី២០។

តាមរយៈការវិភាគលក្ខណៈភូមិសាស្រ្តនៅលើបាតសមុទ្រ ដែលបានបង្កើតកំឡុងពេលការរលាយនៃផ្ទាំងទឹកកកពីមុន អ្នកស្រាវជ្រាវអាចកំណត់ថា ក្នុងរយៈពេលត្រឹមតែ ២ ទៅ ៣ខែ នៅចំណុចខ្លះក្នុង ២សតវត្សរ៍ចុងក្រោយ ផ្ទាំងទឹកកកបានរលាយក្នុងល្បឿនលើសពី ១.៣ម៉ាយ ក្នុង១ឆ្នាំ នោះគឺជា អត្រាទ្វេដងដែលផ្កាយរណបបានកត់ត្រាការរលាយរបស់វានៅចន្លោះឆ្នាំ ២០១១ និង ២០១៩។

សូមជម្រាបថា ផ្ទាំងទឹកកកយក្ស Thwaites បច្ចុប្បន្នមានទំហំ ១៩២,០០០គីឡូម៉ែត្រការ៉េ ដោយមានកម្រាស់ដល់ទៅ ៤,០០០ម៉ែត្រឯណោះ ហើយត្រូវបានចាត់ទុកថាជា កត្តាសំខាន់ក្នុងការធ្វើឲ្យកម្ពស់ទឹកសមុទ្រពិភពលោកកើនឡើង៕

ប្រភព៖ Forbes

Share.