ភ្នំពេញ ៖ រថភ្លើងខ្សែដឹកទំនិញមួយខ្សែ ខណៈដែលកំពុងបើកបរ ស្រាប់តែស្រុតកំណល់ ផុងផ្លូវដែក បណ្តាលឲ្យក្រឡាប់ធ្លាក់សុីទែនប្រេងចំនួន២ទូ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវដែកខ្សែភ្នំពេញ-កំពត ចំណុចខាងកើតវត្តត្រពាំងឈូក ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថភ្លើងមួយខ្សែខាងលើជា របស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ជាខ្សែដឹកទំនិញ អូសទូសុីទែនប្រេង និងទូកុងតឺន័រ បាត់ដំបង-ភ្នំពេញ សរុបមានចំនួន៣១ទូ ក្នុងនោះទូសុីទែនប្រេងសាំងមានចំនួន១៩ទូ ទូកុងតឺន័រមានចំនួន១០ទូ ទូសម្រាប់បុគ្គលិកចំនួន០១ និងទូបម្រុងចំនួន០១ ក្បាលអូសប្រភេទVB ។

បើតាមប្រភពពីបុគ្គលិកបានឲ្យដឹងថា រថភ្លើងខ្សែដឹកប្រេង ទំនិញ មួយខ្សែនេះបើកចាកចេញពីខេត្តបាត់ដំបង ឆ្ពោះមករាជធានីភ្នំពេញ តាំងពីល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ធ្វើដំណើពេញមួយយប់។ លុះនៅវេលាម៉ោងកើតហេតុ បើកចូលដល់រាជធានីភ្នំពេញត្រង់ចំណុចខាងលើហើយ រថភ្លើងឆ្លងពីផ្លូវខ្សែបាត់ដំបង ចូលផ្លូវកំពតវិញ ដោយក្បាលរុញទូ រុញពីកើតទៅលិច ឆ្ពោះទៅស្ថានីយ៍ស្តុកប្រេង នៅក្នុងភូមិតាឥន្ទ សង្កាត់ស្នោ ខណ្ឌកំបូល វិញ ដោយបើកទើបផុតពីក្បាលងាកចែកផ្លូវដែកបន្តិច ស្រាប់តែស្រុតកំណល់ ផុតផ្លូវដែក បណ្តាលក្រឡាប់ទូប្រេងចំនួន២ទូ ជាទូទី៧និងទី៨ បះជើងច្រូង តែសំណាងល្អ មិនកំពប់ប្រេងសាំង ។

ក្រោយកើតហេតុភ្លាមៗ បានបុគ្គលិកជំនាញ ខាងបច្ចេកទេសផ្លូវរត់ របស់ក្រុមហ៊ុនចុះទៅពិនិត្យ ហើយកាត់ទូមួយចំនួនអូសយកទៅស្ថានីយ។ ចំណែកទូកំពុងជួបបញ្ហា ត្រូវបានខាងបច្ចេកទេសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ធ្វើការជួសជុលផ្លូវដែក និងស្ទូចលើកទូឡើងវិញ។

ហេតុការណ៍នេះមិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាតទូរថភ្លើង និងរាំងស្ទះខ្សែរត់ របស់អ្នកដំណើរ ភ្នំពេញ-កំពត តែប៉ុណ្ណោះ ៕

អត្ថបទ៖តាតុ សែន ជ័យ

Share.