ភ្នំពេញ ៖ រថយន្តធុនធំអូសសណ្តោងរុឺម៉កដឹកទំនិញមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេក រេចង្កូតបើកឡើង សួនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ដេកផ្ងារជើងកើយលើសួន រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តមួយគ្រឿងខាងលើ ម៉ាកហុីណូ ពណ៌លឿង សណ្តោងរុឺម៉កដឹកទំនិញ ពីបាត់ដំបងមកភ្នំពេញ ដោយបើកកាត់តាមមហាវិថីឈ្នះ ឈ្នះ ដល់ចំណុចកើតហេតុ រេចង្កូតបុកឡើងសួនទ្រូងផ្លូវ ក្រឡាប់បះជើងដេកកើយលើសួន តែមិនបណ្តាលឲ្យអ្នកណារងរបួសនោះឡើយ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កបើកលឿនពីជើងទៅត្បូង ដល់ចំណុចខាងលើ សង្ស័យអ្នកបើកបរងងុយដេក ទើបរេចង្កូតទាញឡើងលើសួនទ្រូងផ្លូវ ក្រឡាប់តែម្តង បង្កឲ្យបាក់បែកខឿនសួន និងខូចខាតរថយន្ត ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សម្រួលចរាចរ រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ចែងស្ទូចលើកយករថយន្តទៅរក្សាទុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.