
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បង្ហាញការមិនសុខចិត្ត ប្របើសមត្ថកិច្ចជំនាញជួយសង្គ្រោះបានតែជនរងគ្រោះ ប៉ុន្តែមិនបានចាប់ខ្លួនជនល្មើស និងទីតាំងខុសច្បាប់ដែលពាក់ព័ន្ធនឹងទម្រង់នៃអំពើជួញដូរមនុស្ស។ ការថ្លែងរបស់សម្ដេចក្រឡាហោម បានធ្វើឡើងនាពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
បើតាមសម្ដេចឧបនាយករដ្ឋមន្រ្តី បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបង្កើនប្រតិបត្តិការបង្ក្រាបរាល់ទម្រង់នៃអំពើជួញដូរមនុស្សរួចមក ក្រសួងបានទទួលបណ្ដឹងចុងក្រោយនេះចំនួន១១៧ករណីហើយ ដោយគិតត្រឹមព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្ដេចបន្ថែមថា ក្នុងចំណោមបណ្ដឹងសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះនោះក៏មានជនរងគ្រោះជាបន្តបន្ទាប់ត្រូវបានសមត្ថកិច្ចជួយសម្រួលឱ្យបានចាកចេញពីទីកន្លែងការងារដែរ បន្ទាប់ពីពួកគេ និងសាច់ញាតិ បានស្នើសុំកិច្ចអន្តរាគមន៍មកសម្ដេចផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក ឬតាមរយៈអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ។
សម្ដេចបានមានប្រសាសន៍ថា«មិនអាចគ្រាន់តែយកជនរងគ្រោះហើយក៏ចប់ភារកិច្ច មិនមែនទេ ត្រូវតែពន្លាតការស្រាវជ្រាវរបស់យើងឱ្យវាច្បាស់លាស់ ចប់ចុងចប់ដើម។ [រាយការណ៍មក]ថាអត់មានការបង្ខាំងទេ អត់មានការធ្វើទារុណកម្មទេ គ្រាន់តែ…. គ្រាន់តែអត់ឱ្យមានសិទ្ធិដើរទៅនេះ ដើរទៅនោះ អាហ្នឹងហើយឃុំខ្លួនគេ។ តាមពិតយើងមានសិទ្ធិអីទៅបិទគេ។ អាហ្នុងយ៉ាងណាក៏មានទំនួលខុសត្រូវ ធ្ងន់ឬស្រាលអាហ្នឹងតាមច្បាប់កំណត់ទៅ។ ប៉ុន្តែបើថាទៅហាមឃាត់សិទ្ធិសេរីភាពគេ ហើយថាវាអត់មានអីទេ វាអត់ត្រូវ តាមខ្ញុំយល់ ក្រែងខ្ញុំយល់វាមិនដល់ តែយើងទៅមានសិទ្ធិអីហាមឃាត់គេ?»។
សម្ដេចក្រឡាហោម បានចាត់ទុកថាជាការខុសឆ្គង ប្រសិនបើមន្រ្តីមានសមត្ថកិច្ចគ្រាន់តែចុះទៅសង្គ្រោះជនរងគ្រោះ ដ្បិតវានឹងក្លាយជាកម្មវត្ថុមួយទៀតនៃការរិះគន់ពីសហគមន៍អន្តរជាតិ។ សម្ដេចបានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ សម្ដេចបានមានប្រសាសន៍ជាថ្មីទៀតថាបញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ។
ក្រសួងការបរទេសអាមេរិក បានទំលាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាដល់លេខ៣ ជាចំណាត់ថ្នាក់ទាបបំផុត និងបង្ហាញថាកម្ពុជា ជារដ្ឋគ្មានឆន្ទៈបង្ក្រាបអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង បានបង្កើតក្រុមការងារដើម្បីបង្កើនប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបានចេញការប្រកាសអំពាវនាវទាំងភាសាខ្មែរ ចិន និងអង់គ្លេស ឱ្យសាធារណៈជនចូលរួមគាំទ្រកិច្ចប្រតិបត្តិការនេះ តាមរយៈការរាយការណ៍មកផេកហ្វេសប៊ុកសម្ដេចផ្ទាល់ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។

ការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សអាចធ្វើទៅបានតាមរយៈ៖១-គេហទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister ២-លេខទូរសព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥ ៣-គេហទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police ៤-គេហទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI។
សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានផ្ញើសារជូនជនរួមជាតិឱ្យដឹងថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។
ក៏ប៉ុន្តែ បើតាមសម្ដេច គឺជាក់ស្ដែងជនទាំងនោះត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចបានសម្ដែងការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ និងប្រកាសស្វាគមន៍ចំពោះការផ្តល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។
សម្ដេចអះអាងថាកម្ពុជានៅតែបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា៕
