ភ្នំពេញ៖យុវជនម្នាក់បានបាត់បង់ជីវិតនៅក្រោមរថយន្តគួរឲ្យរន្ធត់ បន្ទាប់ពីជិះម៉ូតូត្រលប់មកពីទិញនំបុ័ងវិញត្រូវបានរថយន្តស៊េរីទំនើបបុកអូសម៉ូតូនិងម្ចាស់ម៉ូតូក្រោមរថយន្តជាច្រើនម៉ែត្រ កាលវេលាម៉ោង១១និង ២០នាទី យប់ថ្ងៃអង្គារ ទី៦ ខែ សីហា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្សកែងនឹងផ្លូវ៣៦០ ចំណុចស្តុបក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

សពជនរងគ្រោះអាយុប្រហែល២០ឆ្នាំជាងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពពីកន្លែង កើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1GT 3701 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តហ្វតស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BP 9157 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវមុនីវង់ទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូអូសជាប់ក្រោមរថយន្តទាំងម៉ូតូនិងម្ចាស់ជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗចំណែកម្ចាស់ក្រោយពីបង្កហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកង៣រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកវាស់វែងយកមធ្យោបាយរថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកសពជនរងគ្រោយត្រូវបានរថយន្តសាម៉ុយឯកជនដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចជំនាញមូលដ្ឋានស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖វិច្ឆិកា
