សម្ដេចក្រឡាហោម ស ខេង ប្រគល់ព្រះរាជក្រឹត្យជូនឯកឧត្តម ឧត្តមសេនីយ៍ ឯម វិចិត្រ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ កូនប្រុសច្បងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នោះ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអគ្គាធិការ​ នៃអគ្គាធិការដ្ឋានក្រសួងហាផ្ទៃជាផ្លូវការហើយនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីត្រូវបានសម្ដេចវិបុលសនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតាំងកាលពីអំឡុងចុងខែសីហាកន្លងទៅ។ ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានប្រារព្ធឡើងនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានស្ដាប់ការអានព្រះរាជក្រឹត្យដោយអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងបានទទួលព្រះរាជក្រឹត្យ ព្រមទាំងត្រាអគ្គាធិការ ពីសម្ដេចក្រឡាហោម ស ខេង រួចមក ឯកឧត្តម ឯម វិចិត្រ ដែលកាន់មុខតំណែងជាអគ្គាធិការរងនៃអគារធិការក្រសួងមហាផ្ទៃតាំងពីឆ្នាំ២០១៣ បានឡើងថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តចូលកាន់មុខតំណែងថ្មីនេះ។ នៅចំពោះមុខសម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំក្រសួងដែលធ្លាប់រួមជំនាន់ និងជាអតីតសហការីលោកឪពុកដែលបានអនិច្ចកម្មរយៈជាង៥ឆ្នាំមកហើយនោះ ឯកឧត្តម ឧត្តមសេនយ៍ឯក ឯម វិចិត្រ បញ្ជាក់ពីការមិននឹកស្មានដល់ថាបានទទួលមុខតំណែងនេះ។

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដែលពីដំបូងឡើងបានអានចំណាប់អារម្មណ៍ដោយសំឡេងលះៗ ប៉ុន្តែហាក់ដូចជាចាប់ផ្ដើមអានទាក់ៗដែលទំនងជាក្ដុកក្ដួលក្នុងចិត្តនៅពេលឯកឧត្តមជម្រាបជូនសម្ដេចប្រធានគណៈអធិបតី និងអង្គពីធីក្នុងសាលប្រជុំT27នៃក្រសួងមហាផ្ទៃថា«ការផ្ដល់នូវមហាកិត្តិយសដ៏ថ្លៃថ្លានាពេលនេះ គឺពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ចងចាំមិនភ្លេចបាន និងមានមោទនភាពសម្រាប់ជីវិតខ្ញុំដែលពុំនឹកស្មានដល់ហ្នឹង»។

ឯកឧត្តមបានថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចប្រមុខរដ្ឋស្ដីទីដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែងមុខតំណែងអគ្គាធិការ និងបានសម្ដែងការដឹកគុណសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីដែលបានផ្ដល់សេចក្ដីទុកចិត្តលើឯកឧត្តម ព្រមទាំងថ្លែងអរគុណថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គាធិការដ្ឋានទាំងមូលសម្រាប់ទំនុកចិត្ត និងការគាំទ្រទាំងពេលកន្លងមក និងសម្រាប់មុខតំណែងថ្មីនេះ។

«អនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គោលនយោបាយនិងយុត្តសាស្រ្តចតុកោណដំណាក់កាលទី៤ និងការណែនាំចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោមដើម្បីពង្រឹង និងគ្រប់គ្រងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ប្រកាន់គុណសម្បត្តិ៤យ៉ាង រួមមានឆន្ទៈម្ចាស់ការ មនៈសិការវិជ្ជាជីវៈ និងគណនេយ្យភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងរបៀបរបបការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការលើកទឹកចិត្ត»។ នេះជាការប្ដេជ្ញាចិត្តរបស់ឯកឧត្តមអគ្គាធិការថ្មីនៃក្រសួងមហាផ្ទៃ។

សម្ដេចក្រឡហាហោម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងសេចក្ដីរីករាយ និងចូលរួមអបអរសាទរឯកឧត្តម ឯម វិចិត្រ និងទាំងឯកឧត្តម អ៊ីវ លាង ដែលបញ្ចប់តំណែងជាអគ្គាធិការក្រសួងមហាផ្ទៃ និងចូលទៅកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួង។ សម្ដេចមានប្រសាសន៍ថាអគារធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែល្អប្រសើរ និងថាពីដំណាក់កាលមួយទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំអគ្គាធិការដ្ឋានជាមួយនិងការអភិវឌ្ឍរីកចម្រើន និងមានការតម្រង់ទិសការងារកាន់តែត្រឹមត្រូវនិងច្បាស់លាស់។

បើតាមសម្ដេចក្រឡាហោម មុខតំណែងថ្មីរបស់ឯកឧត្តម ឯម វិចិត្រ គឺបានមកពីថ្នាក់ដឹកនាំក្រសួងផ្ទៃមានការមូលមតិគ្នាគាំទ្រ និងមានជំនឿជឿជាក់ថាមន្រ្តីជាន់ខ្ពស់រូបនេះនឹងអាចបំពេញភារកិច្ចថ្មីនេះឱ្យទទួលបានជោគជ័យ ពិសេសគឺគាំទ្រដល់ភារកិច្ចធំៗ២របស់ក្រសួង គឺការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការរដ្ឋបាលមូលដ្ឋាន។ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យឯកឧត្តម ឯម វិចិត្រ បន្តភារកិច្ចដែលឯកឧត្តម អ៊ីវ លាង ធ្លាប់បានបំពេញកន្លងមកដើម្បីគាំទ្រដល់ការងារស្នូលធំៗទាំងពីរខាងលើ។

ភ្ចាប់នឹងភារកិច្ចអគ្គារធិការនេះដែរ សម្ដេចក្រឡាហោម បានបន្តសង្កត់ធ្ងន់អំពីការខិតខំប្រមូល និងទទួលយកសំណើរសំណូមពរ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ។ សម្ដេចបានណែនាំឱ្យឯកឧត្តមអគ្គាធិការថ្មី និងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។

សម្ដេចក្រឡហាហោម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង

សម្ដេចបានផ្ដាំផ្ញើទៀតថា«រាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អរ។ ប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោលឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះគឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ។ ព្រោះហេតុដូច្នេះហើយបានជាខ្ញុំណែនាំប្រមូលបញ្ហាទាំងអស់នោះមកពិនិត្យមើលដើម្បីដឹងថាពិតឬមិនពិត និងមានវិធានការដោះស្រាយ»។

អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ស្ថិតក្នុងចំណោមអង្គភាពចំនួន១១នៃរចនាសម្ព័ន្ធចំណុះក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០១៥។ ដោយមិនរាប់ថ្នាក់ដឹកនាំកំពុងកាន់មុខតំណែងនយោបាយនៅក្រសួងមហាផ្ទៃ ឯកឧត្តម ឯម វិចិត្រ ដែលមានកម្រិតវប្បធម៌អនុបណ្ឌិតច្បាប់ ស្ថិតក្នុងចំណោមមន្រ្តីបច្ចេកទេសជាន់ខ្ពស់បំផុតនៃក្រសួងមហាផ្ទៃទាំង១១រូប ដែលកំពុងដឹកនាំ និងគ្រប់គ្រងអង្គភាពចំណុះឱ្យក្រសួងដ៏មានឥទ្ធិពលមួយនេះ។

ក្នុងមុខតំណែងជាអគ្គារធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ នឹងត្រូវដឹកនាំអង្គភាពចំណុះអគ្គារធិការដ្ឋានចំនួន៦នាយកដ្ឋាន រួមមាន ១.នាយកដ្ឋានរដ្ឋបាលសរុប, ២.នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល, ៣.នាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល, ៤. នាយកដ្ឋានអធិការកិច្ចនគរបាលជាតិថ្នាក់កណ្ដាល,​ ៥.នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់រាជធានី ខេត្ត, ៦ នាយកដ្ឋានទទួលបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាលជាតិ។

ឯកឧត្តម ឯម វិចិត្រ កាលនៅជាអគ្គាធិការរង និងរូបថតអ្នកមានគុណទាំងពីរតាំងពីក្រោយ

សូមបញ្ជាក់ថាឯកឧត្តម ឯម វិចិត្រ ជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសស្រី៤នាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិតបណ្ឌិត ឯម សំអាន និងលោកលោកជំទាវ ជួន គឹម។ ប្អូនៗឯកឧត្តម ឯម វិចិត្រ រួមមាន​លោកស្រី ឯម សុជាតិ, ​លោក ឯម សុ​ជឿន និង​​លោកស្រី ឯម សុខ​ច័ន្ទ​។​ ឯកឧត្តមសន្តិ​បណ្ឌិត ឯម សំអាន មាន​អតីត​ភាពជា​អ្នកសារព័ត៌មាន ជា​មន្ត្រី​ជំនិត​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និងជា​មន្ត្រី​ទទួល​កិច្ចការ​ស្តីទី​ជំនួស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ជាថ្នាក់ដឹកនាំ​មួយរូបដែលទទួលបាន​ការគោរព​ស្រឡាញ់ពីមន្រ្តី និងមហាជន​ នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមសន្តិបណ្ឌិតក៏ជាឥស្សរជន​ស្រលាញ់កីឡាប្រនាំងទូក ង ដូចឥស្សរជនជាថ្នាក់ដឹកនាំជាតិមួយចំនួនទៀតដែរ៕

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ឯម សំអាន (ពាក់វែនតាខ្មៅ សៀតប៊ិចក្នុងអាវ)
ឯកឧត្តម ឯម វិចិត្រ ឈរពីក្រោយឪពុក
ឯកឧត្តម ឯម វិចិត្រ និងក្រុមគ្រួសារ
ឯកឧត្តម ឯម វិចិត្រ អតីតកាលនិងបច្ចុប្បន្ន
ឯកឧត្តម ឯម វិចិត្រ និងក្រុមគ្រួសារអុជធូបក្បែរធាតុនិងរូបថតឪពុក

ឯកឧត្តម ឯម វិចិត្រ និងលោកជំទាវ ព្រមទាំងសហការី
Share.