ខេត្តព្រះសីហនុ÷ បុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តហាយលិនឌ័រមួយគ្រឿងបុកពេញទំហឹង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នាវេលាម៉ោង ០៨:១៥នាទី នៅលើដងផ្លូវជាតិ លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩ -១៨០ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

យោងតាមប្រភពពីលោកវរៈសេនីយ៍ទោ ទ្រី ផលណារិន អធិការរងនគរបាលទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានគូកបញ្ជាក់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-5944 ដែលមានទិសដៅពីកើតទៅលិច បើកឆ្លងផ្លូវ គាប់ជួនមានរថយន្ដ០១ គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-1030 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ទៅបុកម៉ូតូចំខាងមុខផ្នែកខាងស្ដាំ ហើយរថយន្ដនោះជ្រុលទៅបុករថ យន្ដ០១គ្រឿងទៀតដែលចតក្បែរចិញ្ចើមផ្លូវ០១គ្រឿងទៀត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9197 ចំពីខាងមុខផ្នែកខាងឆ្វេង និងបណ្តាលឲ្យអោយអ្នកបើកបរម៉ូតូ HONDA WAVE ស្លាប់នៅកន្លែងកើតហេតុ។ ឯអ្នកបើកបររថយន្ដម៉ាក HIGHLANDER បានរត់គេចខ្លួនបាត់។

សពជនរងគ្រោះមានឈ្មោះ ឃុន មាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងជួស ជុលម៉ូតូ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សពត្រូវបានសាច់ញាតិមកទទួលយក ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ដ និងម៉ូតូត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ ក្រុងព្រះសីហនុ

