អាជ្ញាធរបាននិយាយនៅថ្ងៃ ពុធ នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Hinnamnor បានកើនឡើងដល់ ១០នាក់ នៅក្នុងប្រទេសកូរ៉ខាងត្បូង បន្ទាប់ពីព្យុះនេះបានវាយលុកឆ្នេរសមុទ្រភាគខាងត្បូង ជាមួយនឹងរលកដ៏ធំ និង ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២។

ព្យុះទីហ្វុងដែលជាកម្លាំងដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍បានជន់លិចផ្លូវ និង អគារនានានៅពេលដែលវាបានឆ្លងកាត់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃ ច័ន្ទ និង ថ្ងៃ អង្គារ។

ទីស្នាក់ការកណ្ដាលប្រឆាំងគ្រោះមហន្ដរាយ និង សុវត្ថិភាព បាននិយាយថា សពមនុស្សចំនួន ៧នាក់ និង អ្នករស់រានមានជីវិត២នាក់ ត្រូវបានទាញចេញពីចំណតរថយន្តក្រោមដីដែលលិចទឹកនៅទីក្រុងកំពង់ផែភាគអាគ្នេយ៍ Pohang ដែលជាតំបន់រងគ្រោះខ្លាំងបំផុត។

អ្នកទាំង៩ បានជាប់នៅទីនោះ បន្ទាប់ពីពួកគេចូលទៅចំណតដើម្បីយកយានយន្តចេញ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ នៅតែបន្តនៅថ្ងៃពុធនេះ ហើយអាជ្ញាធរនិយាយថា បច្ចុប្បន្នមាន មនុស្ស២នាក់កំពុងបាត់ខ្លួននៅឡើយ។

អាជ្ញាធរបាននិយាយថា អ្នកស្លាប់ម្នាក់ទៀតត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Pohang នាថ្ងៃ ពុធ និង រដ្ឋធានី Gyeongju បានបញ្ជាក់ថា មានមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះ ដោយសារការរអិលបាក់ដីភ្លាមៗ។

ព្យុះ Hinnamnor បានបង្ខំឲ្យមនុស្សជាង ៤៧០០ នាក់ ជម្លៀសចេញពីផ្ទះទៅទីទួលសុវត្ថិភាព ហើយបានបំផ្លាញផ្ទះប្រហែល ១២០០០ ខ្នង រួមទាំងអគារជាច្រើនផងដែរ។

ខណៈអាជ្ញាធរបានរាយការណ៍ថា គ្រួសារជិត ៩០០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេស ប៉ុន្តែការផ្គត់ផ្គង់ភាគច្រើនត្រូវបានស្ដារឡើងវិញ នៅព្រឹកថ្ងៃពុធនេះ។

សូមជម្រាបថា មុនពេលព្យុះទីហ្វុង Hinnamnor បានបោកបក់មក អាជ្ញាធរកូរ៉េខាងត្បូងបានបិទសាលារៀនជាង ៦០០កន្លែង នៅទូទាំងប្រទេស ដើម្បីជាការប្រុងប្រយ័ត្ន ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានផ្អាកជើងហោះហើរក្នុងស្រុកប្រមាណ ២៥០ជើង៕

ប្រភព៖ CNA

Share.