ត្បូងឃ្មុំ៖ ផ្លូវលំមួយខ្សែ មានប្រវែងមួយគីឡូម៉ែត្រ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៧ មកដល់ផ្សារខ្នារ បត់ឆ្វេងដៃ ទៅទិសខាងជើង ស្ថិតក្នុងភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ ខូចខាតធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋរអ៊ូរទាំថា ពិបាកធ្វើដំណើរយ៉ាងខ្លាំង តែអាជ្ញាធរមូលដ្ឋានហាក់មិនអើពើទើបមានការលំបាកនេះសោះ។

លោក ប្រុស ទូច អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងធំ បានរៀបរាប់ឲ្យដឹងថា ផ្លូវលំនេះលំបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ខែប្រាំងហ៊ុយ ខែវស្សា ទឹកដក់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាង ខ្លាំង ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងគ្នាទាំងកុមារតូចៗ សិស្សសាលា យុវជន ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងការអាស្រ័យផលលើផ្លូវនេះជារៀងរាល់ថ្ងៃ។
លោក ទូច ក៏ដូចប្រ ពលរដ្ឋក្នុងភូមិទាំងមូល បានសំណូមពរ ដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មេត្តា ចុះពិនិត្យមើលផ្លូវនេះផង រួចជួយដោះស្រាយពីទុក្ខលំបាកនូវមូលដ្ឋាននេះ ឲ្យបានសមស្របព្រោះ ផ្លូវនេះស្ថិតមិនឆ្ងាយ ពីការិយាល័យថ្នាក់ដឹកនាំខេត្តទេ ម្តេចមើលមិនឃើញ។

លោក ស៊ាប សុជាតិ មេឃុំស្រឡប់បានបញ្ជាក់ឲ្យដឹងថា ចំពោះផ្លូវលំមួយខ្សែមានទទឹង១២ម៉ែត្រ និងបណ្តោយប្រវែងមួយគីឡូមែត្រនោះ ជាផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ បត់ឆ្វេងដៃ កាត់តាមផ្សារខ្នារបែកទៅទិសខាងជើង ស្ថិតក្នុងភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ ។ ឃុំមានគម្រោងធ្វើតែខាងត្បូងផ្លូវទេ ដោយទុកខាងជើងផ្លូវឲ្យខេត្តជាអ្នកកសាង ។ ឯឃុំតែងជំរាបបញ្ហានេះ ជូនស្រុកដែរដើម្បីចំណាត់ការ ហើយផ្លូវនេះ ដំបូងខាងវិស្វកម្មជាអ្នកកសាង តែធ្វើបានមួយកំណាត់រួចទុកចោល ដោយជាន់ជាមួយគម្រោងផ្លូវ៧១C រួចក៏ទុកចោលទៅ ។ ហើយឃុំ បានសួរទៅស្រុកដែរហើយ សុំថវិកាខេត្ត មកធ្វើដូចផ្លូវ៧១C ទៅ តែស្រុកមិនទាន់បានឆ្លើយតប៕
អត្ថបទ៖ ពោធិ៍សាត់

