ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ប្រាំង ជលសា អគ្គនាយករង អគ្គិសនីកម្ពុជា នៅរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារជីកសាច់ផ្លូវ ដើម្បីសាងសង់អនុស្ថានីយ៍អគ្គិសនី ក៏ដូចជាកែសម្រួលពង្រីកប្រអប់តំណរខ្សែអគ្គិសនី នៅមហាវិថី២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

យ៉ាងណាមិញ ឯកឧត្តម ប្រាំង ជលសា អគ្គនាយករង អគ្គិសនីកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះយើងបានចុះមកធ្វើការត្រួតពិនិត្យទីតាំងដែលត្រូវតបណ្តាញគន្លងខ្សែកាបកប់ដី តភ្ជាប់ ពីអនុស្ថានីយ៍អគ្គិសនី ម្តុំឆ្នេរសុខា មកអនុស្ថានីយ៍អគ្គិសនី ដែលគ្រោងសាងសង់នេះ។ បច្ចុប្បន្ននៅក្នុងក្រុងព្រះសីហនុ មានអនុស្ថានីយអគ្គិសនីចំនួន ០៤ទីតាំងហើយ ដែលកំពុងដំណើរការ និងមួយទីតាំងទៀតកំពុងតែសាងសង់នៅឯឆ្នេរមាសឆ្នេរប្រាក់ស្ថិតនៅក្នុងស្រុកព្រៃនប់ ។ ជាមួយគ្នានិង ដែរ រាជរដ្ឋាភិបាល ក៏គ្រោងនឹងសាងសង់អនុស្ថានីយ៍អគ្គិសនីជាច្រើនបន្ថែមទៀតផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមបញ្ជាក់ថា ការសាងសង់អនុស្ថានីយ៍អគ្គិសនីសម្រាប់ភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី នេះ គឺធ្វើការសាងសង់ប្រើរយៈពេល ២សប្ដាហ៍ ទៅ៣សប្តាហ៍។ ហើយបណ្តាញបញ្ជូនអគ្គិសនីនេះ មានតង់ស្យុង ១១៥គីឡូវ៉ុល។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការងារសាងសង់ និងការតភ្ជាប់បណ្ដាញអគ្គីសនី ឱ្យបានលឿនតាមផែនការ ស្របតាមស្តង់ដាបច្ចេកទេស និងធានាបាននូវគុណភាពខ្ពស់៕

អត្ថបទ៖ ព្រះសីហនុ

Share.