ភ្នំពេញ៖ ក្រោយពីដើមបណ្ដឹងទុកពេលឲ្យជនជាប់ចោទរកលុយមកសង ជាច្រើនម៉ោង តែជនជាប់ចោទគ្មានលុយសង កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២២ បញ្ជូនខ្លួនជនជាប់ចោទទៅពន្ធនាគារព្រៃសម១ ហើយ។
ទណ្ឌិតឈ្មោះ ជួប ច័ន្ទ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ មានទីកន្លែងកំណើតនៅសង្កាត់លេខ៦ ក្រុងភ្នំពេញ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៥២ ផ្លូវលេខ១២៣ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានផ្តន្ទាទោសពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន គឹម ហាប់ ឌូអិលធីឌី ផ្ទះលេខ៥៤ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន (បច្ចុប្បន្នខណ្ឌបឹងកេងកង) រាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

សាលាដំបូងរាជធានីភ្នំពេញ បានធ្វើកំណត់ហេតុស្តីពីការបញ្ចប់នីតិវិធីអនុវត្តដោយបង្ខំលេខ៦១៥ “ក” ចុះថ្ងៃទី០១ខែសីហាឆ្នំា២០២២រួចហើយ។ ទណ្ឌិតឈ្មោះ ជួប ច័ន្ទ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ អនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល៧ខែ ទោសដែលនៅសល់ត្រូវព្យួរការអនុវត្តធម្មតាតាមមាត្រា១០៧ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសងប្រាក់ចំនួន១,០០០,០០០$ (មួយលានដុល្លារអាមេរិក) និងបង់ជម្ងឺចិត្តជាប្រាក់៥០,០០០$ (ប្រាំម៉ឺនដុល្លារអាមេរិក) ទៅឲ្យដើមបណ្តឹងរដ្ឋប្រវេណីឈ្មោះ លីវ វិទ្ធី តែរហូតមកទល់ពេលនេះ ទណ្ឌិតឈ្មោះ ជួប ច័ន្ទ មិនទាន់យកប្រាក់ចំនួនខាងលើ មកបង់ឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ លីវ វុទ្ធី នៅឡើយទេ។
ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ លីវ វុទ្ធី ដែលមានមេធាវី ឌុច ផារី ជាមេធាវីតំណាងដោយអាណត្តិបានប្តឹងសុំឲ្យអនុវត្តបង្ខំដល់រូបរាងកាយលើឈ្មោះ ជួប ច័ន្ទ មានលក្ខណៈត្រឹមត្រូវតាមច្បាប់ដូចមានចែងនៅមាត្រា៥៣៣ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងដីកាចៅក្រមបានសម្រេច១. បង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ចាប់ខ្លួនទណ្ឌិតឈ្មោះ ជួប ច័ន្ទ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ)យកមកអនុវត្តទោសនៅមណ្ឌលអប់រំកែប្រែទី១ (ម១) រយៈពេល២ឆ្នាំ តាមបណ្តឹងរបស់ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ លីវ វុទ្ធី ដែលមានលោកមេធាវី ឌុច ផារី ជាមេធាវីតំណាងដោយអាណត្តិ។ ២. បង្គាប់ឲ្យលោកប្រធាន មណ្ឌលអប់រំកែប្រែទី១ (ម១) ឃុំខ្លួនទណ្ឌិតឈ្មោះ ជួប ច័ន្ទ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ក្នុងថេរវេលានៃការបង្ខំដល់រូបរាងកាយចំនួន២ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួនតទៅ៕

អត្ថបទ៖ចតុមុខ
