ភ្នំពេញ ៖ ចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង នៅតាមដងមហាវិថីចោមចៅ ត្រូវបានពលរដ្ឋមួយចំនួន យកធ្វើជាកន្លែងរឹងមាំ សម្រាប់ដាក់តុ គ្រែ តូប លក់ដូរ បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពដងផ្លូវ ទើបនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សង្កាត់ បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវចោមចៅ ចាប់ពីព្រំប្រទល់សង្កាត់ចោមចៅទី២ រហូតដល់ព្រំប្រទល់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពោលក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចាត់វិធានការក្តៅ ដកហូតយកសម្ភារៈ លើពលរដ្ឋ អ្នកលក់ដូរណាដែលមិនស្តាប់ការណែនាំ មិនសហការជាមួយអាជ្ញាធរ ។

អាជ្ញាធរបានឲ្យដឹងថា កន្លងមកអាជ្ញាធរធ្លាប់បានចុះអប់រំ ណែនាំដល់បងប្អូន អាជីវករ អ្នកលក់ដូរ ហាមយកចិញ្ចើមផ្លូវសម្រាប់អ្នកថើរជើង ធ្វើជាទីតាំងរឹងមាំ ជាកន្លែងលក់ដូរ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពតាមដងផ្លូវ ។

ដោយសារនៅតែមានបងប្អូន អ្នកលក់ដូរមួយចំនួនតូច បន្តយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ទើបនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះរុះរើ ដកហូត សម្ភារៈទាំងឡាយណា ដែលម្ចាស់ ហាម ប្រាប់មិនស្តាប់ មិនយល់ព្រមចូលរួមសហការទុកចិញ្ចើមផ្លូវ សម្រាប់ឲ្យអ្នកថ្មើរជើងឆ្លងកាត់ ៕

អត្ថបទ៖តាតុង សែនជ័យ
