ភ្នំពេញ ៖ ក្រុមចោរបានចូលផ្ទះជួលសុិនចូវ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លួចកាត់សោទ្វារចូលលួចម៉ូតូហុងដាឌ្រីម បាត់អស់ចំនួន៦គ្រឿង ក្នុងមួយយប់ បង្កឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា ទីតាំងផ្ទះជួលខាងលើ មានកន្លែងទទួលផ្ញើម៉ូតូ នៅជាប់អគារ មានសន្តិសិសុខ យាមប្រចាំទាំងថ្ងៃ យប់ មិនដឹងថាអ្នកយាម មានបញ្ហាអ្វី ស្រាប់តែនៅយប់ថ្ងៃទី០៧ ចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ មានជនសង្ស័យធ្វើសកម្មភាពចូលលួចម៉ូតូបាត់អស់រហូតដល់ទៅ៦គ្រឿងពីកន្លែងផ្ញើម៉ូតូ សុទ្ធតែម៉ាកហុងដាឌ្រីមទាំងអស់ ។

ក្រោយពីភ្ញាក់ផ្អើលថា មានជនសង្ស័យលួចម៉ូតូមួយយប់អស់៦គ្រឿងនៅទីតាំងតែមួយ បង្កឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២នេះ ពលរដ្ឋស្នាក់នៅតំបន់នោះបានបង្ហាញនូវក្តីបារម្ភអំពីសុវត្តិភាពរបស់ខ្លួនប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែ ត្រូវបានម្ចាស់ទីតាំង សន្តិសុខ ទាញទ្វាររបងបិញ ឲ្យអ្នករងគ្រោះនៅខាងក្នុង។ក្រោយមក ម្ចាស់អ្នកទទួលបញ្ញើ ព្យាយាមហៅម្ចាស់ម៉ូតូទាំង៦គ្រឿង ធ្វើការសម្របសម្រួល នូវសំណង ទាំងដោយមិនបានរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ចនោះឡើយ។

បើតាមបុរសជាជនរងគ្រោះម្នាក់បានឲ្យដឹងថា កន្លែងទទួលផ្ញើរម៉ូតូ គិតលុយ មានអ្នកយាមត្រឹមត្រូវ ប្រចាំទាំងថ្ងៃ យប់ ប៉ុន្តែនៅយប់កើតហេតុមិនដឹងថាអ្នកយាមដេកលក់ឬយ៉ាងណានោះទេ ស្រាប់តែមួយយប់ ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូបាត់អស់៦គ្រឿង ៕

អត្ថបទ៖តាតុង សែនជ័យ
